(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោក និងថវិការបស់សប្បុរសជន ទាំងក្រុង និងក្រៅប្រទេស សរុប៣០៥,០០០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍»។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់ការសាខាខេត្ត ដោយបានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ ប្រធានកិត្តិយសសាខា បានសម្តែងនូវការកោតសរសើរ ចំពោះលោក លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បន្តទៀត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

លោក ជាវ តាយ និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ និងលោកស្រី ព្រមទាំងតំណាងក្រុមហ៊ុន និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំយើងបានរៀបចំពិធី ដើម្បីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម តែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ យើងបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ តែទោះជាយ៉ាងណាក្តីឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ លោកបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានថវិកា សរុបប្រមាណ ៣០៥,០០០ដុល្លារ សម្រាប់ជួយដល់សាខាកាកបាទក្រហមខេត្ត សបញ្ជាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ។

លោកបានសន្យាថា នឹងប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ និងបានប្រគល់ជូនប័ណ្ណថ្លែងអំណរគុណជូនដល់លោក កែវ រតនៈ នាពេលនោះផងដែរ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ថវិកា ៨ ឧសភា ឆ្នាំ២០២២ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រមូលបាន គឺសរុបចំនួន ៤០៧,៦៤៦.២៥ដុល្លារ ដើម្បីឱ្យសាខា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»