(ភ្នំពេញ)៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ និងកម្លាំងកងអនុសេនាតូច អន្តរាគមមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះបង្រ្កាបសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ដោយឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ និងដកហូតថ្នាំញៀនចំនួន៣៧កញ្ចប់ ព្រមទាំងសម្ភារសម្រាប់ជក់ និងប្រើប្រាស់មួយចំនួនទៀត។
មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ក្រោមពីកម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងតាមជំនាញ របស់ខ្លួនជាថ្ងៃមកហើយ រហូតតាមបង្ក្រាបជាក់ស្តែងតែម្តង។
ជនសង្ស័យទាំង៨នាក់ រួមមាន៖ ទី១-ឈ្មោះ រឿង ជ័យរិទ្ធ ហៅ រិទ្ធត្រេន អាយុ៣៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២-ឈ្មោះ រឿង សារ៉ាត់ ហៅអាខ្ទើយ អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ទី៣-ឈ្មោះ ជាង ហេង អាយុ១៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅកុដិលេខ១០ វត្តនាគវ័ន សង្កាត់បឹងកក់ទី២ ទី៤-ឈ្មោះ កែវ ប្រាក់ពូន អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដស្នាក់នៅ ផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៥-ឈ្មោះ ឡឹក បញ្ញា អាយុ២៤ឆ្នាំ មុខរបរហាត់ប្រដាល់ ស្នាក់នៅក្លឹបប្រដាល់ឃ្លាំងមឿនកីឡា សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៦-ឈ្មោះ ធី វុធ អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅចល័តដេកតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ទី៧-ឈ្មោះ យឿន ប៉ង់ អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្តស្នាក់ផ្ទះពុំចាំលេខ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៨-ឈ្មោះ ចាន់ វណ្ណៈ អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅស្រុកទ្រាំង ខេត្តតាកែវ។
បើតាមមន្រ្តីនគរបាល ក្រោយការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង៨នាក់ រួចមកកម្លាំងនគរបាល បានដកហូតថ្នាំក្រាមពណ៌សថ្លាចំនួន៣៧កញ្ចប់ លុយចំនួន២៤ម៉ឺនរៀល ថង់សម្រាប់ច្រកគឿងញៀនមួយចំនួន និងម៉ូតូ០២គ្រឿងម៉ាក Honda Airblade គ្មានស្លាកលេខ និងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរី2016 ពាក់ស្លាកលេខភ្នំពេញ 1FL-4935។ បច្ចុប្បន្ន ជនសង្ស័យទាំង០៨នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕