(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំបាឋកថាស្តីពី «ចំណេះដឹងអំពីកិច្ចសន្ទនារបស់ឥណ្ឌា-Knowledge India Dialogue» ដែលមានការអញ្ជើញផ្តល់បទឧទ្ទេសនាមដោយលោកបណ្ឌិត វីណាយ សាហាស្រាប៊ុតឌី (Vinay Sahasrabuddhe) ប្រធានក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) និងមានការនិមន្តផ្តល់ពុទ្ធិពាក់ព័ន្ធនឹងទំនាក់ទំនងវប្បធម៌កម្ពុជា-ឥណ្ឌា ដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

បាឋកថានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកដោយលោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និងអញ្ជើញថ្លែងសុន្ទរកថាបិទដោយលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៕