(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានចុះត្រួតពិនិត្យក្នុងអគារក្រុមហ៊ុនហ័ងគួន ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងសីហនុ ដោយរកឃើញជនជាតិចិន១នាក់ ដែលគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន ព្រមទាំងបានឃាត់ខ្លួនមេការជាជនខ្មែរ១នាក់ និងអ្នកគ្រប់គ្រងជាជនជាតិចិន១នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាមានការចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។
បើតាមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងសីហនុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះ និងដោយមានការសហការពីអ្នកគ្រប់គ្រងអគារ បានផ្តល់ព័ត៌មានថា ក្រុមហ៊ុនដែលជនជាតិចិននោះធ្វើការបាននាំគេទៅសាខាមួយកន្លែងទៀតដែលមានស្ថិតនៅក្នុងអគារក្រុមហ៊ុនហ័ងគួន ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងសីហនុ កាលពីវេលាម៉ោង ២៣យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
បន្ថែមពីនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅដល់អគារក្រុមហ៊ុនហ័ងគួន ដើម្បីបន្តស្វែងរកជនជាតិចិនម្នាក់នោះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរកឃើញបុរសជនជាតិចិន១នាក់ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រងអគារក្រុមហ៊ុនដែលជាជនជាតិខ្មែរ១នាក់ ដែលរឹងទទឹងមិនព្រមសហការ ព្រមទាំងបាននាំខ្លួនអ្នកគ្រប់គ្រង១នាក់ ជនជាតិចិន ដែលគ្រប់គ្រងទៅលើជនរងគ្រោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ បន្តតាមនីតិវិធី៕