(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកទាំងអស់ នៅតាមបណ្ដាគោលដៅការពារផ្សេងៗ ត្រូវចូលរួមរាយការណ៍ជូនសមត្ថកិច្ច ក្នុងករណីសង្ស័យមានអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ការចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងអាជីវកម្មផ្លូវភេទជាដើម។
ការអំពាវនាវដល់របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៤១ ដែលមានការចូលរួមពីសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជន ជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់ ភ្នាក់ងារសន្តិសុខឯកជន ឈរជើងតាមបណ្តាគោលដៅ រាយការណ៍អំពីបទល្មើសនានា ជាពិសេស អំពីជួញដូរមនុស្ស ជួញដូរពលកម្ម ការចាប់បង្ខាំងមនុស្សខុសច្បាប់ និងអាជីវកម្មផ្លូវភេទ។ បើឃើញសកម្មភាព ឬករណីណាគួរឲ្យកត់សម្គាល់ សូមភ្នាក់ងារសន្តិសុខឯកជន រាយការណ៍មកសមត្ថកិច្ចយើងជាបន្ទាន់»។
ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន ដូច្នេះវិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ។
ហេតុដូច្នេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។
លោកបន្ដថា វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន ចូលរួមថែរក្សា សន្តិសុខ សណ្ឋាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងក៏ដូចជាកម្លាំងជំនួយ យ៉ាងសំខាន់របស់កងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា នេះជាលើកទី៤១ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕