(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់ជនរួមជាតិកុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែលយកអបិយជំនឿគ្មានហេតុផលមកបោកប្រាស់។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។
បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរួចមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងារដែលកំពុងធ្វើផងដែរ។
លោក អ៊ុន ជីម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បន្ថែមថា ដោយមើលឃើញនូវហេតុការណ៍ ដែលកំពុងកើតឡើងយ៉ាងច្របូកច្របល់លើជំនឿមិនសមហេតុផល ដែលប៉ះពាល់ដល់សាសនា, ជីវភាព និងសុខសន្តិភាពដល់ប្រជាពលរដ្ឋផងនោះ គណបក្សឯកភាពជាតិខ្មែរ សូមលើកយកនូវអំណះអំណាងដ៏ជាក់លាក់បំផុតមកបំភ្លឺដល់បងប្អូនខ្មែរទូទាំងពិភពលោក ដើម្បីបានជ្រាបដូចខាងក្រោម៖
* យោងតាមអង្គការ NASA គឺពុំបានធ្វើសេចក្តីថ្លែងប្រកាសអាសន្នថាមានទឹកជំនន់លិចពិភពលោកក្នុងពេលឆាប់ៗនេះឡើយ។
* យោងតាមសាសនាធំៗទាំងអស់ ក៏មិនទាន់មានមេសាសនាណាមួយចេញមកប្រកាសអាសន្នអំពីបញ្ហាទឹកជំនន់លិចសកលោកនេះឡើយ។
* ជាពិសេស បើយោងតាមសាសនាព្រះពុទ្ធ ក្នុងសុតន្តបិដក ក៏ពុំមានចែងថាមានទឹកជំនន់ និងភ្លើងឆេះកាលក្នុងពេលនេះដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា ក្នុងភទ្ទកប្បនៃផែនដីនេះ គឺមានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ។ ប៉ុន្តែពេលនេះ ទើបតែត្រាស់បាន៤ព្រះអង្គទេ នៅសល់ព្រះសិអារ្យមេត្រីដែលនឹងត្រូវត្រាស់ដឹងក្នុងលោកទៀត ដូច្នេះមិនដឹងជានៅប៉ុន្មានពាន់លានកោដ្ឋិឆ្នាំទៀតទេ ទម្រាំដល់កាលដែលផែនដីនេះត្រូវរលាយ។
* យោងតាមភូមិវិទ្យា ភូមិសាស្ត្រប្រទេសកម្ពុជាស្ថិតនៅតំបន់ទំនាបមានរាងដូចបាតខ្ទះ ដូច្នេះ បើសិនជាមានការជន់លិចមែន គឺប្រទេសកម្ពុជាទាំងមូលត្រូវជន់លិចមុនគេ មិនមែនខេត្តសៀមរាបមានកម្ពស់ខ្ពស់ជាងភ្នំ EVEREST នោះទេ។ នៅពេលអាយុកាលផែនដីត្រូវអស់ គឺពុំមានទីណាមួយនៅសេសសល់ឡើយ។
លោក អ៊ុន ជីម បន្តថា ដោយមានសំអាងដ៏ជាក់លាក់ដូចបានពណ៌នាខាងលើនេះ គណបក្សឯកភាពជាតិខ្មែរ សូមបំភ្លឺដល់ពលរដ្ឋខ្មែរទូទាំងសកលោកថា នឹងពុំមានទឹកជំនន់លិច ឬភ្លើងឆេះកាលដល់ថ្នាក់រលាយផែនដីនេះឡើយ។ អ្វីដែលយើងទាំងអស់គ្នាត្រូវព្រួយបារម្ភនោះ គឺបញ្ហារោគរាតត្បាត និងសង្គ្រាមរវាងមហាអំណាច ដែលមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចដល់យើងម្នាក់ៗ និងទូទាំងពិភពលោក។
លោកបន្ថែមថា បើមានបុគ្គលណាមួយ ចេញមុខប្រកាសអាសន្នថានឹងមានគ្រោះមហន្តរាយដល់ភពផែនដីដូចបានពណ៌នាខាងលើនេះ គឺជាទង្វើនាំមកនូវចលាចល ប៉ះពាល់ដល់ទំនៀមទម្លាប់ ជំនឿសាសនា។ ជាពិសេស គឺប៉ះពាល់ដល់សន្តិសុខសង្គម និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋដែលរត់ចោលផ្ទះសម្បែង ឈប់បម្រើការងារ ព្រោះតែការឃោសនាអកុសលបែបអបិយជំនឿគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់នេះ។
«អាស្រ័យហេតុនេះ គណបក្សឯកភាពជាតិខ្មែរ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាកុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែលយកអបិយជំនឿគ្មានហេតុផលមកបោកប្រាស់ បង្កភាពវឹកវរ និងការតក់ស្លុតបែបនេះឡើយ»។ នេះបើតាមលោក អ៊ុន ជីម។
គណបក្សឯកភាពជាតិខ្មែរ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលមានគំនិតទុច្ចរិតដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជៀសវាងការកើតមានបញ្ហាបែបនេះក្នុងសង្គមតទៅទៀតផងដែរ។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរខេត្តសៀមរាប បានប្រាប់ក្រុមលោក ខឹម វាសនា ឲ្យបញ្ឈប់ការបម្រូមផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឲ្យអស់ យ៉ាងយូរត្រឹមម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ជាកំហិត៕