(សៀមរាប)៖ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការចុះវាស់វែងកំណត់និយាមការ នៅតំបន់រមណីយដ្ឋានអង្គរ បានកើនដល់ជាង៤.៦ម៉ឺនក្បាលដីហើយ ខណៈការរៀបចំសម្អាតដីឡូតិ៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំជាង ១១១ហិកតាផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ក្នុងនោះ ២៦ភូមិ សម្រេចលទ្ធផលបាន ១០០%, ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិ សម្រេចលទ្ធផលបាន ៥% ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំ ៧ ១៦៣,៥០ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២៣ ៩១៩ ក្បាលដី, ក្បាលដីគ្មានសំណង់ ចំនួន ១៩ ៤៣៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន ២ ៦៧៥ ក្បាលដី។

២៖ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ១១១,១០ ហិកតា។

៣៖ ការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក ក្នុងតំបន់ទី១ និងតំបន់ទី២ សម្រេចបានប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣%។

៤៖ ក្រុម ការងាររបស់មន្ទីរដនសស ខេត្តសៀមរាប ដោយមានការចូលរួមពី សសយក ខេត្តសៀមរាប បានចុះធ្វេី ការបោះបង្គោល ព្រំ ដី ឡូត៍នៅភូមិធម្មជាតិរុនតាឯកបាន ចំនួន ៨១៩ ឡូតិ៏ ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យុទ្ធនាការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក៕