(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដោយបានការចូលរួមពីក្រុមការងារអគ្គិសនីកម្ពុជា, អាជ្ញាធរស្រុក ឃុំ និងកងទ័ព ប្រមាណជិត១ពាន់នាក់។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងយោធា ដែលកំពុងឈរជើងការពារព្រំដែន សមរភូមិមុខ និងសម្តែងការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។
លោកបានឱ្យដឹងថា ជាប្រពៃណីនៅរៀងរាល់៣ខែម្តង អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលមានចំណងមេត្រីភាពនឹងគ្នា តាមរយៈការចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន ជាក់ស្តែងដូចជាអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤នាពេលនេះ ក៏ដូចជាវរៈ១ ប្រចាំទិសថ្មដា ខេត្តពោធិ៍សាត់ អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
លោកបានថ្លែងថា ដើម្បីធានាដល់ភាពរុងរឿង ថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ជាបុព្វហេតុដើម្បីធានា ឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខ ដែលនេះគឺជាស្នាដៃ និងជាសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន ជឿនលឿនជាលំដាប់។
លោកកែវ រតនៈ ក៏បានវាយតម្លៃខ្ពស់ដល់កងទ័ពកម្ពុជាយើង ដែលមានទឹកចិត្តមោះមុខ ក្នុងការការពារទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រកបដោយភាពអង់អាចក្លាហាន។ ជាងនេះទៅទៀតបងប្អូនកងទ័ព បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាព ឯបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
អំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មី៤០០កេស, ប៊ីចេង១៥កេស, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១២០គីឡូក្រាម, សាច់ក្រក១២០គីឡូក្រាម, ប្រហុកសាច់១២០គីឡូក្រាម, ឆៃប៉ូវផ្អែម១២០គីឡូក្រាម, ទឹកស៊ីអ៉ីវ៤០០យួរ, ថវិការៀបចំអាហារសាមគ្គីជូនកងទ័ព ចំនួន១១,០០០ដុល្លារ, ជូនអង្គភាពកងពលតូចលេខ១៤ ចំនួន២,០០០ដុល្លារ សរុបជាទឹកប្រាក់ ចំនួន២៣,០៤៥ដុល្លារ៕