(ភ្នំពេញ)៖ នៅរសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ចំនួន ៨ ២៨០ ០០០រៀល ជូនដល់គ្រួសារសពឧបាសិកាកិត្តិបណ្ឌិតឡាយ ហ៊ុនគី (លោកស្រី ត្រឹង ងា) ផ្ទះលេខ១៦ ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពេលដែលឧបាសិកាកិត្តិបណ្ឌិតឡាយ ហ៊ុនគី(លោកស្រីត្រឹង ងា)បានទទួលមរណ:ភាពរយ:ពេល២ថ្ងៃ។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណ:ភាព។ ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១. សេចក្តីចម្លងសំបុត្រមរណ:ភាព
២. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ

បើលោកអ្នកមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕