(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកឆ្លូងថ្មី លោក ស្រី គង់ លឹមហូ អតីតជាអភិបាលរងស្រុកឆ្លូង ខណៈដែលលោក ហេង សុផា អតីតអភិបាលស្រុកឆ្លូង ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងខេត្តក្រចេះ។
ក្នុងពិធីនោះដោយមានការចូលរួមពីអភិបាល រងខេត្ត អភិបាលរង ស្រុក/ក្រុង និងកងកម្លាំងសត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្នុងស្រុកឆ្លូង ផងដែរ។
លោកអភិបាលខេត្ត បានផ្ដាំស្នើដល់ លោកស្រី គង់ លឹមហូ ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកឆ្លូងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។
លោកថា ត្រូវបន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ ជៀសវាងធ្វើយ៉ាងណាកុំឲ្យពលរដ្ឋមានការមិនពេញចិត្តមកលើ អាជ្ញាធរ ដោយត្រូវប្រកាន់យកនូវគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។
លោកបន្ថែមថា ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព៕