(សៀមរាប)៖ នៅម៉ោងជាង៣រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននាំយកនូវលិខិតរបស់លិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជូនលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីឲ្យបញ្ឈប់ការបម្រូមផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឲ្យអស់ យ៉ាងយូរត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ជាកំហិត។

សេចក្តីរាយការណ៍ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា លិខិតរបស់រដ្ឋបាលខេត្តសៀមរាប ត្រូវបានលោក នីចាន់ ពិនិត្យ ប្រធានក្រុមការងារសន្តិសុខសណ្តាប់ធ្នាប់តំណាង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចុះហត្ថលេខាទទួលយកលិខិតនេះ។

លិខិតរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា «ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩
និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សូមឲ្យលោកប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្ដុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»

សូមជម្រាបថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែន ពលរដ្ឋកើនឡើងជិត២ម៉ឺននាក់។

កិច្ចប្រជុំបានពិនិត្យពិភាក្សាទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួន ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា មានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់រត់ មកជ្រកកោននៅម្តុំដីចំការរបស់លោក មានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

តួលេខបញ្ជាក់ថា បច្ចុប្បន្នមានចំនួនជិត ២ម៉ឺននាក់ហើយ នៅមិនទាន់រំសាយនៅឡើយទេ ដែលជាហេតុបង្កការព្រួយបារម្ភដល់អាជ្ញាធរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន និងអនាម័យសាធារណៈ ដែលទាមទាឱ្យអាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និងសហការគិតគូរដោះស្រាយ។

ក្នុងកិច្ចប្រជុំ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បាលើកឡើងថា កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅលោកទៅផ្ទាល់ និងលោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅពិនិត្យម្ដងរួចមកហើយ ព្រមទាំងបានបញ្ជាឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋជាបន្ទាន់ ក៏ប៉ុន្តែការបញ្ជានោះត្រូវបានលោក ខឹម វាសនា បដិសេធ ហើយស្នើសុំពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោក ទៀ សីហា បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនា ថាជាទង្វើខុសច្បាប់ និងកំពុងធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលមានពលករខ្មែរ និងកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំតាមការលើកឡើងរបស់លោក។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ត្រៀមដើម្បីរៀបចំវិធានការច្បាប់ប្រឆាំង នឹងសកម្មភាពប្រមូលផ្ដុំរបស់ក្រុមលោក ខឹម វាសនា ប្រសិនជាហួសពេលកំណត់ហើយមិនព្រមរំសាយ។

សូមរម្លឹកផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរួចមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងារដែលកំពុងធ្វើផងដែរ៕