(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យមើលការសាងសង់អគារព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អាគារនេះ មានកម្ពស់បួនជាន់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានលើកឡើងថា បច្ចប្បន្ននេះ ការសាងសង់អគារខាងលើដំណើរបានជាង១៧ភាគរយ ដែលចាប់ផ្ដើមបើកការដ្ឋាននៅខែធ្នូ ឆ្នាំ២០២១។ ដោយខេត្តសៀមរាបជាខេត្តនៅក្នុងតំបន់ ដូច្នេះការពង្រីកអគារនេះ ជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យសេវានៅក្នុងតំបន់កាន់តែប្រសើរឡើង និងទំនើបបកម្មនៃសេវាសុខាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តីបានបន្តថា ការសាងសង់អគារមន្ទីរពេទ្យគ្រោងនឹងបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២៣ ហើយនៅពេលដាក់ឱ្យដំណើរការអគារមន្ទីរពេទ្យនេះ គឺជាអគារមន្ទីរពេទ្យទំទើបជាងគេក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា អគារដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានកម្ពស់៤ជាន់ ចំណាយថវិកាសាងសងជាង ១៩លានដុល្លារអាមេរិក៕