(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង”។ ”សហគមន៍បៃតង” ជាគម្រោងការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទចូលរួមលើកកម្ពស់សុខុមាលភាព បរិស្ថាន និងការអប់រំនៅភូមិយើង។
ពិធីនេះ បានប្រព្រឹត្តទៅនៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
លោក យក់ ប៊ុនណា បានលើកឡើងថា កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល សហការជាមួយគណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាលបានរៀបចំបង្កើតគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង” ដែលជាការងារសង្គមក្រៅពីការសិក្សា ក្នុងគោលបំណងចូលរួមជួយអភិវឌ្ឍក្នុងមូលដ្ឋាន ចែករំលែកការលំបាករបស់អ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាល ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើងថែមទៀត ។
នៅក្នុងកម្មវិធីនោះ លោក យក់ ប៊ុនណា បាននាំយកនូវ ឬស្សីទំពាំងផ្អែម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រប់ខ្នងផ្ទះ ចំនួន ៥៦០ខ្នងផ្ទះ(ស្មើនឹងឬស្សី ៥៦០ដើម) និងដាំឬស្សី ២១០ដើមក្នុងបរិវេណសាលាបឋមសិក្សាល្អ ក្រៅពីនេះ កម្មសិក្សាការី ក៏បាននាំយកមកនូវកូនដើមក្រញ៉ូង ៥០ដើម មកដាំនៅក្នុងបរិវេណសាលាបឋមសិក្សាល្អផងដែរ។ ការដាំនេះ ដើម្បីជួយជំរុញតំបន់នេះ ទៅជាតំបន់បៃតងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមរំលឹកថា ក្រៅពីការបណ្ដុះបណ្ដាលនូវចំណេះដឹងជំនាញទន់ និងជំនាញរឹងដល់កម្មសិសក្សាការីហើយនោះ សាលាភូមិន្ទរដ្ឋបាល បានជំរុញ និងលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់គ្រប់ជំនាន់ឱ្យចេះចូលរួមធ្វើការងារសង្គមចុះអនុវត្តផ្ទាល់នៅតាមមូលដ្ឋានតំបន់ដាច់ស្រយាល ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឈនៅតាមមូលដ្ឋានដែលជាមូលដ្ឋានមួយជាទុនជាបទពិសោធន៍ដ៍ល្អដល់កម្មសិក្សាការីនៅពេលបញ្ចប់ការសិក្សាសម្រាប់យកទៅអនុវត្តបន្តនៅតាមមូលដ្ឋាន និងស្ថាប័នរបស់ខ្លួនចូលរួមការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ កម្មសិក្សាការី បាននាំយកនូវសម្ភារៈមួយចំនួនដើម្បើចែកជូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស អ្នកគ្រូលោកគ្រូ មានដូចខាងក្រោម៖
១. ប្រគេនទេយ្យទាន ទានវស្សា និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្អ
២. ផ្តល់កាបូប និងសម្ភារសិក្សា ជូនសិស្សានុសិស្ស ១៥០នាក់
៣. ឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូ ៧នាក់
៤. ឧបត្ថម្ភថវិកា ជូនជនពិការ ៥នាក់
៥. ផ្តល់ថ្នាំពេទ្យ ៥៦០កញ្ចប់ ជូនប្រជាពលរដ្ឋ
៦. ផ្តល់ថ្នាំពេទ្យ ១០០កញ្ចប់ ជូនមណ្ឌលសុខភាពចង្ក្រង់
៧. ប្រគល់កុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រ មួយឈុត ជូនរដ្ឋបាលឃុំចង្រ្កង់
៨. ផ្តល់ម៉ាស់ និងក្រដាសសើម ចំនួន ១៥០កញ្ចប់ ជូនដល់សិស្សានុសិស្ស
៩. ផ្តល់ជែលលាងដៃ ចំនួន ១៥០ដប ដល់សិស្សានុសិស្ស៕