(ត្បូងឃ្មុំ)៖ ខ្ទឹម ជាដំណាំម៉្យាងមិនពិបាកដាំ។ ដើម និងស្លឹកវា ត្រូវបានគេយកធ្វើម្ហូបកាត់ចំអាបយ៉ាងមានប្រសិទ្ធភាព។

កសិករសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប្រមាណ៦០គ្រួសារ និយមដាំ ព្រោះដំណាំខ្ទឹមជាសក្តានុពលនៃចំណូលសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់បំផុត ដោយពួកគាត់ដាំទៅតាមបច្ចេកទេស ជាដំណាំមានលក្ខណៈប្រភេទប្រពលវប្បកម្មផងដែរ។ ក្នុងមួយថ្ងៃៗ កសិករសហគមន៍ប្រមូលផលខ្ទឹមលក់ទៅកាន់ទីផ្សារ ពី ២ទៅ ៣តោន ជារៀងរាល់ថ្ងៃ ធ្វើឲ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើងៗជាលំដាប់។

លោក ជឿន ឡុង អាយុ ៣០ឆ្នាំ ជាកសិកររស់នៅភូមិឃុំខាងលើ បានរៀបរាប់ឲ្យដឹងថា កសិករដាំខ្ទឹម យកដើមនិងស្លឹកលក់ មិនមែនយកមើមលក់ទេ។ នៅលើផ្ទៃដីទំហំ ២០អា អាចប្រមូលផលបានជិតមួយតោន ក្នុងរយៈពេល៤៥ថ្ងៃ ហើយក្នុង១ឆ្នាំ យើងធ្វើបាន៤ដង គិតប្រាក់ចំណូល ដោយផាត់ការចំណាយ ថ្លៃពលកម្មកម្មករ ជី ការភ្ជួរលើករង សល់បាន ១៦លានរៀលដែរ។

លោក ជឿន ឡុង បានឲ្យដឹងទៀតថា ការដាំដុះខ្ទឹមមានការលំបាកខ្លះដែរ បើមានភ្លៀងធ្លាក់ច្រើន ទឹកដក់ ធ្វើឲ្យខ្ទឹមរលួយ កើតរោគផ្សិត និងមានសត្វល្អិតបំផ្លាញច្រើន។ តែសហគមន៍កសិកម្មបៃតងគោកស្រុក មានមន្ត្រីកសិកម្មខេត្ត និងប្រធានសហគមន៍បានផ្តល់បច្ចេកទេស ការដាំដុះ ធ្វើដី ពូនរងឲ្យស្មើស្អាត ការថែទាំទឹក ស្រោចទឹក ដាក់ជីគីមីធម្មជាតិ ជីកំប៉ុស ទ្រាប់បាត កំចាត់សត្វល្អិត ដល់ការដាំដុះទើបកសិករទទួលបានជោគជ័យលើដំនាំនេះ។

«ជាក់ស្តែងឆ្នាំនេះ ខ្ទឹមឲ្យផលចាញ់ឆ្នាំទៅមិញទេ ដោយសារកត្តាទឹកភ្លៀងមិនអំណោយផល តែតម្លៃល្អជាងឆ្នៃទៅ។ ទោះយ៉ាងណាក៏ដោយ ទីផ្សារខ្ទឹមស្រួលលក់ មានម៉ូយចូលទិញដល់ទីចំការតែម្តង»។ លោក ជឿន ឡុង បានរៀបរាប់បន្ថែមយ៉ាងដូច្នេះ។

ជាមួយគ្នានោះដែរ លោក ទេន ទុំ អាយុ៣២ឆ្នាំ ជាប្រធានសហគមន៍កសិកម្មគោកស្រុក បានបញ្ជាក់ឲ្យដឹងថា ក្នុងសហគមន៍លោកមានកសិករប្រមាណ ៦០គ្រួសារ មានដាំបន្លែប្រភេទ ខ្ទឹមស្លឹក ត្រសក់ ននោង ត្រឡាច ប៉េងប៉ោះ ត្រប់ សណ្តែកគួរ និងម្រះ ។ល។ លើផ្ទៃដី ៦៤ហិកតា ។

សហគមន៍លោក បានកើតឡើងត្រឹមជាង ២ឆ្នាំប៉ុណ្ណោះ តែដំណើរការក្នុងការដាំបន្លែ មានការរីកចម្រើនខ្លាំង ពិសេសខ្ទឹមស្លឹកលក់ទៅកាន់ទីផ្សារក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភំ្នពេញក្នុងមួយថ្ងៃមិនក្រោមពី ២ ទៅ៣តោន នោះទេ ក្នុងរដូវវស្សានេះ។ បើរដូវប្រាំងវិញលក់បានពី៣ ទៅ៤តោនក្នុង១ថ្ងៃ ក្នុងតម្លៃពី៣០០០រៀល ទៅ៣២០០រៀល។

ការដាំខ្ទឹម វាអាចផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងភូមិ ដែលអាចរកប្រាក់ចំណូលក្នុងម្នាក់ពី២ទៅ៣ម៉ឺនរៀលផងដែរ រយៈពេលតែមួយព្រឹកប៉ុណ្ណោះ។ បើតាមសហគមន៍កសិកម្មបៃតងគោកស្រុក ការដាំបន្លែប្រកបដោយបច្ចេកទេស កសិករទទួលបានជោគជ័យ ធ្វើឲ្យកសិករមានជីវភាពឈានឡើងល្អបំផុត៕