(កែប)៖ អភិបាលស្រុកដំណាក់ចង្ហើថ្មី ខេត្តកែប ត្រូវបានប្រកាសឱ្យកាន់តំណែងជាផ្លូវការហើយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ គឺលោក ឆាង ឆៃ ជំនួសលោកស្រី គឹម ចន្នី ត្រូវតែងតាំងជាអភិបាលរងខេត្តកែប។
ពិធីប្រកាសឱ្យកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលខេត្ត និងមានការចូលរួមពីសំណាក់ ស្ថាប័នសាលាដំបូង តំណាងអយ្យការអមសាលាដំបូងខេត្ត មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចំណុះឱ្យរដ្ឋបាលខេត្តជាច្រើនរូប។
ក្នុងឱកាសនេះ លោក សោម ពិសិដ្ឋ បានផ្តាំផ្ញើរថា សមិទ្ធផលនានាក្នុងខេត្តទាំងអស់ ដែលលោកស្រី គឹម ចន្នី អតីតអភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំក្នុងស្រុកកន្លងមក គឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញ ដែលមានក្នុងខេត្តទាំងអស់។
លើសពីនេះ លោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលរដ្ឋបាលក្រុងកែប សម្រេចបានកន្លងមក ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការធានាបាននូវនិរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈនានា។
លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកដំណាក់ចង្អើរ ទើបទទួលតំណែងថ្មី ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយរដ្ឋបាលឃុំ សង្កាត់ សំដៅលើកកំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងសំណូមពរឱ្យកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖
*១៖ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនៅវិធានការនានាសំដៅទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអោយមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។
*២៖ ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុចអាល បង្កមានហិង្សាក្នុងសង្គម និងខិតខំអប់រំបំផុសប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចូលរួមការពារផលប្រយោជន៍សាធារណៈ និងចៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់។
*៣៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងចៀសវាងការប្រើអំពើហឹង្សាតាមគ្រប់រូបភាព។
*៤៖ ត្រូវជំរុញចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល។
*៥៖ ត្រូវខិតខំអប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ឱ្យបាននូវរលកថ្មីនៃការឆ្លងរាលដាលជំអឺកូវីដ១៩៕