(កណ្តាល)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន ២,១១៤ ប័ណ្ណ ស្ថិតនៅភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន ២,១៨២ ប័ណ្ណស្ថិតនៅភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ភូមិស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ចែកជូនពលរដ្ឋហើយ នៅចុងសសប្ដាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានថ្លែងដឹងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ។ លោកស្នើឲ្យថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយខិតខំថែរក្សាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។

លោកអភិបាលខេត្តបន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។

លោកអភិបាលខេត្តបន្ថែមថា ប្រជាពលរដ្ឋអាចប្រើប្រាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ទៅបង្កើតជាសិទ្ធប្រាតិភោគ (ការដាក់បញ្ចាំដាក់ហ៊ីប៉ូតែក...) ដើម្បីយកប្រាក់មកប្រើប្រាស់ លើកិច្ចការផ្សេងៗ ដែលជាតម្រូវការរបស់ខ្លួន ហើយប័ណ្ណកម្មសិទ្ធិនេះបង្កជាលក្ខណៈងាយស្រួលក្នុង ការធ្វើជាមរតក ឬ អំណោយចែកជូនកូនចៅ និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការលក់ ដូរ ឬផ្ទេរកម្ម សិទ្ធិផងដែរ។

លោកស្រី ស៉ឹម សុភា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ដែលធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ២,១១៤ក្បាលដី ក្នុងនោះភូមិព្រែកតាអុងទី២ ចំនួន ៨៣៩ក្បាលដី, ភូមិព្រែកតាអុងទី៣ ចំនួន ៥៩៨ក្បាលដី, និងភូមិវាលធំ ចំនួន ៦៧៧ក្បាលដី។ ការចុះបញ្ជីរួចរាល់ ក្នុងភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ២,១៨២ក្បាលដី ក្នុងនោះភូមិចំការចិន មាន២៧ក្បាលដី មិនត្រូវចេញប័ណ្ណ ភូមិបឹងថ្នល់មាន១០ក្បាលដី មិនត្រូវចេញប័ណ្ណ ភូមិចុងបឹង មានចំនួន ៦០៣ក្បាលដីមិនត្រូវចេញប័ណ្ណ។

លោកស្រីបានបន្ថែមថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៦៨ លើកស្មើ នឹង២៤៤,៥៩៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៦៩ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ស្រុកអង្គស្នួលសរុបចំនួន ២,១៨២ប័ណ្ណ៕