(ភ្នំពេញ)៖ ដូចលោកអ្នកបានដឹងហើយថា កាលពីឆ្នាំ២០១១ លោក សម រង្ស៉ី ត្រូវបានតុលាការកំពូលប្រទេសបារាំង កាត់ទោសឲ្យចាញ់ក្តី ពាក់ព័ន្ធនឹងរឿងបរិហារកេរ្តិ៍ លើឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ប៉ុន្តែថ្មីៗនេះ គឺនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៉ីសេរី (RFA) លោក សម រង្ស៉ី បែរជានិយាយបំភ្លៃពីការពិតទាំងស្រុង ដោយលើកឡើងថា រឿងក្តីនេះលោកជាអ្នកឈ្នះទៅវិញ។

ពាក់ព័ន្ធបញ្ហានេះ លោក ហោ ណាំហុង តាមរយៈបណ្តាញព័ត៌មាន Fresh News បានរម្លឹកការកាត់ទោស សម រង្ស៉ី ពីបទបរិហារកេរ្តិ៍ ដោយតុលាការប្រទេសបារាំង ដូចខាងក្រោមនេះ៖

នៅក្នុងសៀវភៅរបស់ខ្លួន ដែលមានចំណងជើងថា «Des raciness dans la pierre - mon combat pour la renaissance du Cambodge (ឫសក្នុងថ្ម - ការប្រយុទ្ធរបស់ខ្ញុំ ដើម្បីរស់ឡើងវិញនៃកម្ពុជា)» បោះពុម្ភនៅប្រទេសបារាំង ក្នុងខែឧសភា ឆ្នាំ២០០៨ លោក សម រង្ស៉ី បានចោទលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា បានសហការជាមួយខ្មែរក្រហម ក្នុងអំឡុងពេលខ្មែរក្រហមកំពុងកាន់អំណាច និងបានបង្កឲ្យមានការសម្លាប់មនុស្សជាច្រើននាក់ ក្នុងនោះ រួមមានសមាជិករាជវង្សផងដែរ។

តាមសាលក្រមចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩ របស់សាលាដំបូងផ្នែករដ្ឋប្បវេណី ក្រុងប៉ារីស បានវិនិច្ឆ័យថា «ទឡ្ហីករណ៍ទាំងនេះ គឺជាការបរិហារកេរ្តិ៍ទៅលើលោក ហោ ណាំហុង និងថា លោក សម រង្ស៉ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង និងខ្វះការប្រយ័ត្នយ៉ាងធ្ងន់ធ្ងរ ដោយលាក់កំបាំងទាំងស្រុងនូវភាពស្មុគស្មាញ នៃស្ថានភាពរបស់លោក ហោ ណាំហុង នៅពេលនោះ ពោលគឹស្ថានភាពនៃអ្នកជាប់ឃុំឃាំងម្នាក់ ដែលត្រូវបានរបបផ្តាច់ការហិង្សា និងមានឧបាយបញ្ឆោត ជ្រើសរើសឲ្យអនុវត្តទំនួលខុសត្រូវ នៅក្នុងជំរំបឹងត្របែក» ដែលរូបគាត់ផ្ទាល់ ក៏ជាអ្នកទោសនៅទីនោះដែរ។

បណ្តឹងឧទ្ធរណ៍ដែលធ្វើឡើងដោយលោក សម រង្ស៉ី សាលាឧទ្ធរណ៍ក្រុងប៉ារីស បានចេញសាលដីកាមួយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១០ ដោយទទួលស្គាល់ចរិតលក្ខណៈបរិហាកេរ្តិ៍ នៃពាក្យពេចន៍ ដែលបានប្រើទៅលើលោក ហោ ណាំហុង និងដោយបញ្ជាក់ថា លោក សម រង្ស៊ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង និងខ្វះការប្រុងប្រយ័ត្ន និងបាន «ធ្វើការអង្កេតមិនចំពោះមុខ និងជាផ្នែកៗ ដែលកម្រិតតែត្រឹមធាតុចោទប្រកាន់ប៉ុណ្ណោះ ប៉ុន្តែមិនលម្អិតដែលអនុញ្ញាតឱ្យគាត់អាចគាំទ្រនិក្ខេបបទរបស់គាត់បាន ដោយមិនបានធ្វើការផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវនៃអង្គហេតុដែលបានលើកឡើង (…) ដោយមិនបានបញ្ជាក់ថា លោក ហោ ណាំហុង គឺជាអ្នកជាប់ឃុំឃាំងនៅក្នុងជំរំបឹងត្របែកនោះទេ ទុកឱ្យអ្នកអានសាមញ្ញគិតថា លោក ហោ ណាំហុង មានទំនួលខុសត្រូវ ដែលអនុញ្ញាតឲ្យគាត់បង្កឲ្យមានការសម្លាប់មនុស្សជាច្រើននាក់ ដោយសារការចូលរួមរបស់គាត់ ក្នុងរបបផ្តាច់ការមួយ និងដោយលាក់បាំងការលំបាក ដែលអ្នកទោសបានជួបប្រទះ ដើម្បីរស់រានមានជីវិត និងស្ថានភាពដ៏លំបាកបំផុតរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវបានអំណាចខ្មែរក្រហមចាត់តាំងឱ្យទទួលតួនាទីជាអន្តរការី ដែលគាត់មិនអាចបដិសេធ ដោយមិនប្រថុយជីវិតរបស់ខ្លួន (លោក ហោ ណាំហុង) និងជីវិតក្រុមគ្រួសាររបស់គាត់នោះឡើយ»

នៅក្នុងសវនាការទាំងអស់ លោក ហោ ណាំហុង ត្រូវបានតំណាងជាពិសេសដោយមេធាវី Mario STASI Esq., ដែលជាអនុប្រធាននៃគណៈមេធាវីនៅប៉ារីស (STASI CHATAIN & Associés 2, avenue Hoche – 75008 Paris), ប្រទេសបារាំង។

ដោយបានទទួលបណ្ដឹងសាទុក្ខរបស់លោក សម រង្ស៊ី តុលាការកំពូលបានវិនិច្ឆ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ ថា សាលាឧទ្ធរណ៍ក្រុងប៉ារីស បាន «លើកឡើងដោយមានមូលដ្ឋាននូវចរិតលក្ខណៈបរិហារកេរ្តិ៍នៃពាក្យពេចន៍ ដែលត្រូវបានបរិហារ» លោក ហោ ណាំហុង ប៉ុន្តែបានចាត់ទុកថា លោក សម រស្ស៉ី ត្រូវទទួលបានការអភ័យទោសដោយសុទ្ធចិត្ត និងត្រូវបានលើកលែងទោសទាំងអស់៕