(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា គណបក្សសូមស្វាគមន៍ជានិច្ចចំពោះវប្បធម៌សន្ទនា ព្រោះនេះមិនមែនរឿងថ្មីរបស់ គណបក្សប្រជាជននោះទេ តែអត់នៅរង់ចាំការចរចានោះទេ រដ្ឋាភិបាលធ្វើដំណើរទៅមុខ ជានិច្ចជាមួយការងារប្រចាំថ្ងៃ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ការថ្លែងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណកម្មាធិការប្រតិបត្ដិ គណបក្សសង្គ្រោះជាតិ បានធ្វើសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី «ការវិវត្ដន៍ នៃស្ថានភាពនយោបាយ»។ ទី១៖ គណបក្សសង្គ្រោះជាតិ នឹងបន្ដសកម្មភាពទទួលញត្ដិពីប្រជាពលរដ្ឋ និងទី២៖ គណបក្សសង្គ្រោះជាតិ នៅតែស្វាគមន៍ជានិច្ចជាកាលនូវវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាជាតិធំៗ ជាពិសេសបញ្ហាដែលកើតឡើងក្នុងស្ថានការណ៍ចុងក្រោយនេះ។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សកាន់អំណាច បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែស្វាគមន៍ជានិច្ចចំពោះវប្បធម៌សន្ទនា ព្រោះវប្បធម៌សន្ទនា បានចូលរួមដោះស្រាយ និងបង្រួបបង្រួមជាតិ ប៉ុន្តែរដ្ឋាភិបាលអត់មានពេលនៅរង់ចាំការចរចានោះទេ ដោយរដ្ឋាភិបាលធ្វើដំណើរទៅមុខជានិច្ចជាមួយការងារប្រចាំថ្ងៃអំពីទុក្ខកង្វល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗជាច្រើន។
ឆ្លើយតបនឹងសំណួរថា ប្រសិនបើមានលិខិតពីគណបក្សសង្គ្រោះជាតិ សុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា តើលោកយល់យ៉ាងណាដែរ? លោក សុខ ឥសាន បានឆ្លើយតបវិញថា បើមានត្រូវធ្វើឡើងតាមរយៈរដ្ឋសភា ហើយបញ្ជូនមកកាន់ថ្នាក់ដឹកនាំជាអ្នកសម្រេច។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានដង្ហែញត្តិ ដោយភ្ជាប់ជាមួយស្នាមមេដៃ ប្រជាពលរដ្ឋជាង១៧ម៉ឺនមេដៃ ស្វែងរកព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស សកម្មជនគណបក្សសង្រ្គោះជាតិ ក៏ដូចជាការលើកលែងការចោទប្រកាន់លើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែបន្ទាប់ពីការប្រគល់មេដៃ មានការបែកធ្លាយវីដេអូឃ្លីប និងព័ត៌មានមួយចំនួនថា ស្នាមមេដៃ ដែលគណបក្សសង្រ្គោះជាតិប្រមូលមកនោះ គឺជាការប្រមូលមួយដែលមិនបានបញ្ជាក់ពីទិន្នន័យ និងអត្តសញ្ញាណម្ចាស់មេដៃ ឲ្យបានច្បាស់លាស់នោះឡើយ ដូច្នេះកាលពីម្សិលមិញរាជរដ្ឋាភិបាលបានសម្រេចឲ្យសម្តេចក្រឡាហោម ស ខេង បើកការស្រាវជ្រាវទៅលើស្នាមមេដៃប្រជាពលរដ្ឋ ដែលគណបក្សសង្រ្គោះជាតិ បានហែរទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់៕