(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ចំនួន១ករណី នៅគោលដៅចំនួន៤ផ្សេងគ្នា ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យ១៤នាក់ ជាមួយគ្រឿងញៀន៣១កញ្ចប់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រុកបាធាយ និងដោយទទួលបានការសហការពីកម្លាំងជំនាញស្រុកមុខកំពូល ខេត្ត កណ្តាល និង ខណ្ឌចំនួនពីរ នៃរាជធានីភ្នំពេញ ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា មាន០៤គោលដៅ ដោយមានកិច្ចសហការបន្តបន្ទាប់ ក្នុង រយៈពេល បីថ្ងៃ រហូតដល់ការពន្លាតដែនសមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សរសង្ស័យជាថ្នាំញៀន ចំនួន៣១កញ្ចប់ (ដុំធំមួយកញ្ចប់) ថង់វេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង ។

* គោលដៅទី១៖ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជេីងព្រៃ ខេត្ត កំពង់ចាម ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៩នាក់ ស្រីម្នាក់
* គោលដៅទី២៖ សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្ដ ចំនួន៤នាក់ ស្រីម្នាក់
* គោលដៅទី៣៖ សមត្ថកិច្ចយើងបាន សហការជាមួយជំនាញមូលដ្ឋាន ធ្វើការឆែកឆេបន្ទប់ជួលស្ថិតនៅផ្លូវលេខ២៩៩ ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ
* គោលដៅទី៤៖ សមត្ថកិច្ចយើងបានបន្ដសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្តទៅធ្វើការឃាត់ខ្លួនបាន ម្នាក់ទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចងក្រងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕