(បាត់ដំបង)៖ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានថ្លែងណែនាំ ដល់អនុសាខាកាកបាទក្រហមកម្ពុជាទូទាំងខេត្តបាត់ដំបង ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុត ទោះមួយគ្រួសារក្តី ត្រូវតែសង្រ្គោះឱ្យបានរួចផុតពីភាពទាល់ច្រកបានមួយរយៈពេលសិន។
លោកសន្ដិបណ្ឌិត អះអាងថា ការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ ត្រូវតែជួយឱ្យបានដូចៗគ្នាដោយស្មើភាពគ្នា បើពួកគាត់ ជួបនឹងបញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុសាខា ត្រូវរាយការណ៍មកថ្នាក់ស្រុក ខេត្ត ឱ្យបានទាន់ ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យរស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ។
លោកសន្ដិបណ្ឌិត សុខ ផល បានណែនាំដូចនេះនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាង សង់អគារអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង ។
លោកសន្តិបណ្ឌិត សុខ ផល ក៏បានចាត់ទុកថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបានធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាក
បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ពលរដ្ឋគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការផ្តល់សេវាក្នុងវិស័យ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរលោក សុខ លូ ក៏បានថ្លែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងការ សាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។
លោក សុខ លូ បញ្ជាក់ថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះ គឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុសាខាស្រុកកំរៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍៨ ឧសភា រៀងរាល់ឆ្នាំជាដើម មានន័យថាសកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាមានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មានការចែករំលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហ អាចជួយប្រជាពលរដ្ឋ ងាយរងគ្រោះនានាបាន។
សូមបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នេះ មានចំនួន១ខ្នង មានទំហំ១២ម៉ែត្រ គុណ ១៤ម៉ែត្រ នៅលើផ្ទៃដីទទឹង១៧ម បណ្តោ
យ៧០ម៉ែត្រ ក្នុងនោះមានសាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារ និងសម្ភារៈ១ បន្ទប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ ទឹកដាច់ដោយឡែកទំហំ ៣ម៉ែត្រ X៤ម៉ែត្រ នឹងដំណើរការសាងសង់ ជាដំណាក់ កាល បន្តបន្ទាប់អស់រយៈពេល៦ខែ ដែលជាអំណោយរបស់លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា និងលោកស្រី,
នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានកិត្តិយសាខានិងលោកស្រី ព្រមទាំងមានការចូលរួមពីសប្បុរសជនជាច្រើនទៀតផងដែរ ៕