(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអំពាវនាវដល់សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចេះរួមសហការគ្នា និងពង្រឹងសមត្ថភាពរួមគ្នា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ។
ការអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត តាន់ មុនីវណ្ណ អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន អំពីវេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្ដីពី «ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចថ្មី»។
បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «សហគ្រាសទាំងអស់ ត្រូវតែចេះរួមសហការគ្នា ដើម្បីសេដ្ឋកិច្ចរឹងមាំ ព្រោះវិបត្ដិធំៗ ដូចជា៖ កូវីដ-១៩ និងវិបត្ដិសង្គ្រាមរុស្ស៊ីរវាងអ៊ុយក្រែនជាដើម យើងមិនអាចរស់នៅតែម្នាក់ឯងបានទេ ត្រូវរៀនរស់ជាមួយគ្នា និងត្រូវទទួលស្គាល់ ជាពិសេសពង្រឹងសមត្ថភាពរួមគ្នា»។
បន្ថែមពីនោះទៀត បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា ការជួបវិបត្ដិមានចំនួន២ ដោយវិបត្ដិទីមួយ គឺជាវិបត្ដិសកល និងវិបត្ដិទីពីរ គឺវិបត្ដិខ្លួនយើង ដែលត្រូវដោះស្រាយ តើយើងត្រូវពង្រឹងដោយខ្លួនយើងដោយរប្រៀបណា និងត្រូវធ្វើដូចម្ដេចចេះរួបរួមគ្នា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ។
បណ្ឌិត តាន់ មុនីវណ្ណ ក៏បានអំពាវនាវឲ្យពាណិជ្ជករ និងសហគ្រិនភាព ត្រូវចេះតាមដានឲ្យទាន់នូវពាណិជ្ជកម្មសកល និងសូមឲ្យពាណិជ្ជករ និងសហគ្រិនភាព ចូលរួមក្នុងវេទិកាម្ចាស់អាជីវកម្ម ក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី ដើម្បីចូលរួមស្ដាប់ និងរកវិធីដោះស្រាយជាមួយគ្នា។
ស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូម-ឌូខេសិន លោក កឹម អឿន បានឲ្យដឹងថា វេទិកាម្ចាស់អាជីវកម្មនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ព័ត៌មានដល់អាជីវករថា ទៅថ្ងៃអនាគត SME មានដំណើរការអភិវឌ្ឍន៍ទៅណា? សេដ្ឋកិច្ចពិភពលោកទៅណា? សេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតំរង់ទៅណា? ហើយបានជះឥទ្ធិអ្វីខ្លះ ទាំងវិជ្ជមាន ទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម។
លើសពីនោះទៀត លោក កឹម អឿន បានគូសបញ្ជាក់ថា វេទិកានេះនឹងជួយឲ្យអាជីវករត្រៀមខ្លួន ការប្រឈមបន្ទាប់ពីវិបត្ដិកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅខាងមុខនេះ និងត្រៀមខ្លួន ដើម្បីចាប់យក ឱកាសផងដែរ។ កម្មវិធីនេះ ក៏ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួន និងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្ដល់ព័ត៌មានពីយន្ដការគាំពារ និងគោលនយោបាយរបស់ស្ថាប័នអន្ដរជាតិ និងរាជរដ្ឋាភិបាល។
វេទិកាម្ចាស់អាជីវកម្ម ក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី រៀបចំធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ។ វេទិកានេះ នឹងត្រូវធ្វើឡើងពេញមួយថ្ងៃ ដែលរំពឹងថា អ្នកចូលរួមមាន៖ សមាគមន៍អាជីវកម្ម, អ្នករៀបចំគោលនយោបាយ, ធនាគារ, អ្នករកស៊ី, ម្ចាស់អាជីវកម្ម, ម្ចាស់ជំនួយ, ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញប្រហែលជា១០រូប។
អ្នកជំនាញទាំង១០រូបនេះ នឹងធ្វើការចែករំលែក និងមានការជជែកចែកញែកច្រើន ដោយមានប្រធានបទផ្សេងៗគ្នា ទាក់ទងជារួមអំពីការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងបន្ទាប់ពីរលកសេដ្ឋកិច្ច ដែលវាបានជះឥទ្ធិពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមអ្វីខ្លះ នៅក្នុងការជួយ SME ដែលអាជីវករគួរត្រៀមខ្លួន៕