(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ធ្វើការជួសជុលផ្លូវ ស្តារលូ ភ្លើងបំភ្លឺផ្លូវជាតិលេខ២ ចាប់ពីស្ពានព្រះមុនីវង្ស ដល់ព្រំប្រទល់ខេត្តកណ្តាល ដោយពេលនោះលោកបានជំរុញឲ្យមន្ត្រីជំនាញ ពន្លឿនការចាក់អ៊ុតកៅស៊ូ លុបសំបុកមាន់ និងណែនាំឲ្យអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងជួសជុលមើលថែផ្លូវឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។
ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ខណៈលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែលដី ចុះពិនិត្យមើលការជួសជុលផ្លូវជាតិលេខ២ និងណែនាំឲ្យអាជ្ញាធរខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងក្នុងសង្កាត់ចាក់សង្រែលើ និងអង្រែក្រោមខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ទីរជំនាញ ធ្វើការជួសជុល លុបជង្ហុកសំបុកមាន់ រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ពិសេសកុំមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំបុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន០៩ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕