(សៀមរាប)៖ បើតាមសេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ឌចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦នេះ មានចំនួនសរុប ៩៧២,៧៥៣នាក់ ថយចុះ០,២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ និងទទួលបានប្រាក់ចំណូលសរុបចំនួន ២៧,៩៧៣,៨៨០ដុល្លារក គឺកើនឡើង ១,២៧% បើប្រៀបធៀបនឹងរយៈពេលប្រាំខែដូចគ្នា កាលពីឆ្នាំ២០១៥កន្លងទៅ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែឧសភា ឆ្នាំ២០១៦ មានចំនួន១២៥,១៩៩នាក់ គឺមានការថយចុះ១.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ ចំណូលដែលទទួលបានពីការលក់ សំបុត្រជូនភ្ញៀវ គឺមានចំនួន ៣,៤៧៣,៧២០ដុល្លារអាមេរិក មានការថយ០,១១% បើប្រៀបធៀប ទៅនឹងខែឧសភា ឆ្នាំ២០១៥៕