(ភ្នំពេញ)៖ ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយប្រតិភូតំណាងរាជរដ្ឋាភិបាលថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ប្រទេសថៃ ដោយសហការរៀបចំឡើងដោយអង្គការអាយអូអឹម (IOM)។
ការពិភាក្សាត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនរងគ្រោះ រហូតទទួលបានការឯកភាពគ្នា និងឈានដល់ការចុះហត្ថលេខា ដោយមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលជាប្រធានគណៈប្រតិភូជាតំណាងភាគីកម្ពុជា និងលោកស្រី Rarung Worawat អនុរដ្ឋលេខាក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស ដែលជាប្រធានគណៈប្រតិភូតំណាងភាគីថៃ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សិទ្ធិប្រទាន ដល់លោកស្រី ជូ ប៊ុនអេង ក្នុងការចុះហត្ថលេខាលើនីតិវិធីប្រតិបត្តិស្តង់ដា មួយនេះ។
ក្នុងឱកាសមាតុភូមិនិវត្តន៍ លោកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញច្រកពិសេស (VIP) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា បេសកកម្មការងារនៅប្រទេសថៃ របស់ប្រតិភូកម្ពុជា បានប្រព្រឹត្តទៅយ៉ាងជោគជ័យ។ ជាក់ស្តែង នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា ត្រូវបានចុះហត្ថលេខា។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្ថែមថា ស្តង់ដារនៃនីតិវិធីប្រតិបត្តិនេះ នឹងក្លាយជាគោលការណ៍ណែនាំដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយករណីជួញដូរមនុស្ស រវាងប្រទេសកម្ពុជានិងថៃ។ លោកស្រីបានបន្តទៀតថា អាជ្ញាធរកម្ពុជានៅតែដាក់ចិត្ដដាក់កាយប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏មានសុខុដុមរមា មិនមានបញ្ហាឧក្រិដ្ឋកម្មដ៏អាក្រក់បែបនេះ៕