(តាកែវ)៖ លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំយុវជនគណបក្សថ្នាក់កណ្ដាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចូលរួមដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ និងបាននាំយកគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ទៅប្រគល់ជូនដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលបំពេញភារកិច្ចនៅតំបន់ភ្នំតាម៉ៅ។

ក្នុងនោះក៏មានការចូលរួមពី លោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង ស្ថាប័ន, លោក ហេង ណន និងលោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា កម្លាំងបញ្ជាការដ្ឋានអង្គរក្សដែលបំពេញភារកិច្ចនៅតំបន់ភ្នំតាម៉ៅ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មានកម្លាំងអង្គរក្សប្រមាណ១,២០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង កំពុងឈួសឆាយឫសឈើ មែកឈើ ដាំកូនឈើ ធ្វើរបងលួសការពារសត្វ ព្រមទាំងជីកអាងស្តុកទឹកសម្រាប់ស្រោចស្រពកូនឈើនៅរដូវប្រាំង និងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕