(កំពង់ឆ្នាំង)៖ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន ផ្ដល់ដំណឹង ជូនថ្នាក់ដឹកនាំក្នុងខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយព័ត៌មាន អំពីជីវភាពរស់នៅយ៉ាងលំបាកលំបិនរបស់លោកតា និងលោកយាយ២នាក់ប្តីប្រពន្ធ ដែលពួកគាត់ទាំង២នាក់ជាអតីតមេភូមិ ហើយបច្ចុប្បន្នមានជំងឺស្លាប់មួយជំហៀងខ្លួនទាំង២នាក់ទៀត ផងនោះ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយក្រុមប្រឹក្សា ស្រុក ក្រុម ប្រឹក្សាឃុំ និងលោកមេភូមិ បាននាំយកអំណោយទៅផ្ដល់ជូនពួកគាត់ខាងលើនេះដល់លំនៅដ្ឋាន ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
ខណៈនោះដែរ លោកស្រី កែ ចន្ទ័មុនី បាននាំយកនូវអំណោយផ្ដល់ជូន អតីតមេភូមិទាំង២នាក់ប្តីប្រពន្ឋ ដែលរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយ ចំនួនសម្រាប់បន្តដោះស្រាយជីវភាព។
លោកស្រី ក៏បានលើកឡើងទៀតថា គុណបំណាច់របស់ លោក លោកស្រី ដែលជាអតីតមេភូមិ បានបំរើជាតិមាតុភូមិ និងបានបំរើប្រជាពលរដ្ឋ ក្នុងភូមិយ៉ាងយកចិត្តទុកដាក់ រយៈពេលប្រមាណជាង១២ ឆ្នាំរួមទាំងប្ដីទាំងប្រពន្ធ គឺមានគុណធំធេងណាស់ គុណបំណាច់នេះ ពិតជាមិនអាចបំភេ្លចបានទេ។
លោកស្រីក៏បានផ្ដាំផ្ញើដល់គ្រួសារទាំង២នាក់ប្តីប្រពន្ឋ សូមយកចិត្តទុកដាក់ថែទាំសុខភាព និងពង្រឹងស្មារតី ដើម្បីរស់នៅបន្ត និងមើលថែទាំចៅ ដែលកំពុងរស់នៅជាមួយ ពិសេសលោកស្រី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាត្រូវតាមឃ្លាំមើលសុខទុក្ខ និងជីវភាពរបស់ពួកគាត់ឲ្យបានដិតដល់។
ដោយឡែក លោក ចាន់ ឡេង សមាជិកក្រុមប្រឹក្សាឃុំជ្រៃបាក់ ក៏បានរាយការណ៍ជូនលោកស្រីអ្នកតំណាងរាស្ត្រថា គ្រួសារខាងលើបានធ្លាក់ខ្លួនឈឺ ជាច្រើនឆ្នាំណាស់មកហើយ។ កន្លងមកអាជ្ញាធរឃុំ តែងតែបានជួយឧបត្ថម្ភជាបន្តបន្ទាប់។ ប៉ុន្តែការជួយឧបត្តម្ភ គឺមិនគ្រប់គ្រាន់នៃសេចក្តីត្រូវការនោះទេ គ្រាន់តែដោះស្រាយបានមួយគ្រាៗ តែប៉ុណ្ណោះ។
ក្រោយពីទទួលអំណោយ ក្នុងពេលនោះ លោកស្រី សរ សារីម បានថ្លែងអំណរគុណដល់លោកស្រីអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ មេភូមិ ដែលបានយកចិត្តទុកដាក់ជួយឧប ត្ថម្ភដល់ពួកគាត់ ក្នុងគ្រាដែលកំពុងជួបការលំបាកនេះ។
សូមរំលឹកថា យាយតាទាំង២នាក់ខាងលើនេះគឺជាអតីតមេភូមិទាំងប្ដីទាំងប្រពន្ធ (ជាមេភូមិ ភូមិថ្មី ក្នុងឃុំជ្រែកបាក់ ស្រុករលាប្អៀរ) បច្ចុប្បន្នពួកគាត់ទាំងពីរនាក់មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន គ្មានកូនចៅបង្កើត មានកូនចិញ្ចឹមម្នាក់ តែបច្ចុប្បន្នកូនស្រីនោះ ទៅចោលយាយតាដោយទុកចៅម្នាក់ឱ្យយាយតាចិញ្ចឹមតាំងពីអាយុ៦ខែមកម៉្លេះ។ យាយតាទាំង២នាក់គ្មានដី និងផ្ទះសម្បែង គឺរស់នៅក្នុងផ្ទះនិងដីរបស់គេ៕