(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានសម្តែងភាពតក់ស្លុត និង ខ្លោចផ្សាជាខ្លាំង ក្រោយពីទទួលបានរបាយការណ៍សម្រាប់រយៈពេល ៥ខែដើមឆ្នាំ ២០១៦នេះ ថាជន ភៀសខ្លួនសរុបដល់ទៅ ២,៥១០នាក់ឯណោះ បានស្លាប់ដោយសារលិចទូកនៅក្នុងសមុទ្រ មេឌីទែរ៉ាណេ ជាផ្លូវដែលពួកគេធ្វើដំណើរឆ្ពោះទៅតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍របស់លោក បាន គីមូន បានធ្វើឡើងបន្ទាប់ពី មានសេចក្តីរាយការណ៍ថាកាលពី ប៉ុន្មានថ្ងៃមុននេះ ទូកដឹកជនភៀសខ្លួនមួយគ្រឿងបានលិច និងបណ្តាលឲ្យមនុស្សជាង ១០០នាក់ស្លាប់ ក្នុងនោះ ក៏មានទាំងស្ត្រី និងកុមារផងដែរ បន្ទាប់ពីពួកគេបានព្យាយាមធ្វើដំណើរផ្សងព្រេងឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប។ លោក បាន គីមូន បានប្រកាសសមានទុក្ខដ៏ជ្រាលជ្រៅ បំផុត ជូនដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះទាំងអស់ផងដែរ។
គួរបញ្ជាក់ថា នារយៈពេល ៥ខែដើមឆ្នាំ ២០១៦នេះ ករណីលិចទូកដឹកជនភៀសខ្លួនបានកើតឡើង រាប់រយលើក នាំឲ្យមនុស្ស ២,៥១០នាក់បាត់បង់ជីវិត ដែលចំនួននេះបានកើនឡើងលើសពេលវេលា ដូចគ្នាកាលពីឆ្នាំទៅ ដែលមានតែ ១,៨៨៥នាក់ប៉ុណ្ណោះបានបាត់បង់ជីវិត។ លោកអគ្គលេខាធិការ បានស្នើឲ្យអាជ្ញាធររបស់ប្រទេសនីមួយៗ ដែលនៅជាប់សមុទ្រមេឌីទែរ៉ាណេ ព្យាយាមជួយសង្គ្រោះ ជនរងគ្រោះនិងត្រូវទប់ស្កាត់ការជួញដូរមនុស្ស ដែលអាចកើតមាននៅអំឡុងពេលនោះផងដែរ៕