(បន្ទាយមានជ័យ)៖ អភិបាលរង និងនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សរុបចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការចូលរួមពី លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ដ្រីជាច្រើននាក់ទៀតផងដែរ។

មន្ដ្រីរាជការដែលត្រូវបានតែងតាំងនោះ រួមមាន៖

*ទី១៖ លោក ប្រាក់ ប៉ូលី
*ទី២៖ លោក ឈឿង ក្រៃយ៉ុង
*ទី៣៖ លោក ហ៊ឹល រ៉ាយ៉ា
*ទី៤៖ លោក យឹម សំណាង
*ទី៥៖ លោក ឃ្លោក ណួយ។

ចំណែក លោក ណង វុទ្ធី ពីនាយករង ឡើងជានាយករដ្ឋបាលសាលាខេត្ត និងបន្ថែមនាយករង២នាក់ទៀត គឺលោក ស៊ុន ថានី និងលោកស្រី សេង ចាន់ណា។

លោក ឈឿង ក្រៃយ៉ុង តំណាងឲ្យអភិបាលរង៤នាក់ ដែលទើបបានតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងលោកទាំង៥នាក់ជាអភិបាលរងខេត្តបន្ទាយមានជ័យទាំង៥នាក់ និងខិតខំធ្វើការងារ បម្រើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ។

លោក អ៊ុ រាត្រី បានលើកឡើងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យបានបញ្ហាគ្រឿងញៀនផងដែរ។

ក្នុងឱកាសនោះ លោក ប៊ុន ហ៊ុន បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍខេត្តឲ្យ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានជំរុញដល់អភិបាលរងខេត្តថ្មីទាំង៥រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។

បន្ថែមពីនេះ លោកបានណែនាំឲ្យចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកបានសំណូមដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀតផងដែរ៕