(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មន្ត្រីរាជការជាន់ខ្ពស់១៧០រូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ ស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (Third Cohort of Leadership and Innovation Program) និងផ្ដល់នូវការអប់រំបំប៉នសមត្ថភាពបន្ថែមពីសាលាភូមិន្ទរដ្ឋបាល។

មន្ត្រីរាជការជាន់ខ្ពស់១៧០រូបនេះមានតួនាទីចាប់ពីប្រធាននាយកដ្ឋានរហូតដល់អគ្គនាយករង អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ដែលសុទ្ធសឹងជាអ្នកនៅជាមួយភារកិច្ចបម្រើសេវាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងបើកវគ្គបណ្ដុះបណ្ដាលខាងលើនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បាន ឱ្យដឹងថា គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីផ្ដល់ការគាំទ្រចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងការផ្លាស់ប្តូរនៃអង្គភាព (leading and managing organizational change) និងរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អ និងផលិតភាពខ្ពស់ (how to create collaborative and productive workplaces) ហើយផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការកម្រិតខ្ពស់នៅតាមក្រសួង/ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដើម្បីសម្រេចបានដោយជោគជ័យនូវកម្មវិធីខាងលើ ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈសាលាភូមិន្ទរដ្ឋបាល និងក្រុមការងាររបស់ធនាគារពិភពលោកបានរៀបចំជាសិក្ខាសាលាពិគ្រោះយោបល់ ការពិភាក្សាជាក្រុមតូច/ក្រុមធំ និងការស្ទង់មតិនានាពាក់ព័ន្ធនឹងប្រធានបទ និងកម្មវិធីជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០ និងបានអនុវត្តការបណ្តុះបណ្តាលនេះបានចំនួន២វគ្គរួចហើយក្នុងឆ្នាំ២០២១-២០២២ ដែលទទួលបានជោគជ័យ៣០៦រូបក្នុងចំណោម៣១២រូប។

លោកបានបន្តថា ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ គឺជាប្រធានបទមួយដែលសមស្របនឹងគោលនយោបាយនិងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមសភាពការណ៍នាពេលបច្ចុប្បនេះ ជាពិសេសការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្នុងតំបន់ និងសកលលោកទាំងមូល។

លោក Serdar Yilmaz មន្ត្រីជំនាញនាំមុខផ្នែកសាធារណៈនៃធនាគារពិភពលោក បានឱ្យដឹងថា ចំណេះដឹងភាពជាអ្នកដឹកនាំ (Leadership) និងនវានុវត្តន៍ (Innovation) គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ គឺពង្រឹងសមត្ថភាពរបស់អ្នកដឹកនាំ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអ្នកដឹកនាំ ដែលជាចំណុចសំខាន់សម្រាប់ស្ថិរភាពក្នុងប្រទេស។

លោកស្រី Faith Considine លេខាទូតទី២នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងដែរថា ភាពជាអ្នកដឹកនាំត្រូវគិតអំពីការបង្កើតនូវវប្បធម៌ ការលើកទឹកចិត្ត ការគណនាអំពីហានិភ័យ ការយល់ដឹលអំពីផលប៉ះពាល់ជាដើម ដូច្នេះនៅពេលទទួលបាននូវចំណេះដឹងទាំងនេះ ថ្នាក់ដឹកនាំគឺអាចធ្វើកំណែទម្រង់សេវាសាធារណៈ និងនាំមុខក្នុងការធ្វើកំណែទម្រង់សេវាសាធារណៈនៅតាមក្រសួង/ស្ថាប័នរបស់ខ្លួន។

ជាមួយគ្នានោះ លោក យក់ ប៊ុនណា បានបន្តទៀតថា នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈទាក់ទងនឹងដំណើរការប្រកបដោយភាពស្វាហាប់ដែលកំណត់នូវបញ្ហាប្រឈម ការអភិវឌ្ឍដំណើរការនៃការច្នៃប្រឌិត និងការអនុវត្តដំណោះស្រាយថ្មីៗ ហើយកើតឡើងភាគច្រើនជាមួយនឹងដំណើរការនៃការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។ នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈធ្វើឲ្យប្រសើរឡើងនូវគុណភាព និងជួយកាត់បន្ថយថ្លៃចំណាយនៅក្នុងការផ្តល់សេវាសាធារណៈ៕