(ភ្នំពេញ)៖ លោក រ៉ូ ប៊ីនណៃ សមាជិក នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា ការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យ បានទាំងស្រុងនូវការធ្វើទារុណកម្មគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា។

លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងពេលដែលលោកដឹកនាំមន្ត្រីជំនាញនៃគណៈកម្មាធិការប្រឆាំងទារុណកម្ម ចុះត្រួតពិនិត្យស្ថានភាពមន្ទីរឃុំឃាំង ពន្ធនាគារ និងកន្លែងដកហូតសេរីភាព នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។

លោកបានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ក្នុងនោះការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម។ កម្ពុជាមានសុខសន្តិភាព និងស្ថេរភាព គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ ដូច្នេះយើងមិនអាចធ្វើទារុណកម្មលើជនណាម្នាក់បានឡើយ ព្រោះថាអំពើទារុណកម្មមិនត្រឹមតែជាអំពើដែលមនុស្សជាតិស្អប់ខ្ពើមប៉ុណ្ណោះទេ តែវាគឺជាបទល្មើសឧក្រិដ្ឋដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃប្រទេសយើងផងដែរ»

លោក រ៉ូ ប៊ីនណៃ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ និងពិធីសារបំពេញបន្ថែមនៅឆ្នាំ២០០៧។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ និងធ្វើទុក្ខបុកម្និញនានា។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះគឺការចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាមន្ទីរឃុំឃាំង ពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសកម្ពុជា ដើម្បីធានាការពារ បង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់អនុលោមតាមអនុសញ្ញា និងពិធីសារបំពេញបន្ថែមរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងទារុណកម្ម ជាពិសេសគឺគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕