(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះខេត្តានុរ័ក្ខ និងជាព្រះគ្រូអនុគណស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងសហការី បានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយដល់គ្រួសារក្រីក្រ នៅភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ងួន រតន: អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ដែលមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។

លោកថ្លែងអំណរគុណព្រះគ្រូ និងសប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកទាំងថវិកា និងកម្លាំងកាយដើម្បីធ្វើកិច្ចការមនុស្សធម៌នៅក្នុងស្រុកតាំងគោក។ លោកក៏បន្តទៀតថាថ្វីត្បិតតែអំណោយទាំងនេះ មិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី។

លោកក៏បានលើកទឹកចិត្តឲ្យបងប្អូនបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយ នៃការចំណាយថវិកាពីការទិញមកពីខាងក្រៅអ្វីដែលសំខាន់បន្លែទាំងនោះ គ្មានជាតិគីមីមិនប៉ះពាល់ សុខភាពថែមទៀតផង។

លោអភិបាលក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «មិនឲ្យអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ»។

បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវីដ ពុកម៉ែកបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃ ជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ។

លោកក៏បានអំពាវនាវ ឲ្យបងប្អូនទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ដល់បងប្អូន ដល់ក្រុមគ្រួសារក៏ដូចជាសហគម ករណីមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរភូមិឃុំ។ លោកក៏សំណូមពរឲ្យអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូន ពុកម៉ែរបស់ខ្លួនស្ម័គ្រ ចិត្តបំរើគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕