(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មាការិនី និយោជិត នៅរោងចក្រ Wing Star Shoe Co.,Ltd ដែលមានកម្មករ និយោជិត សរុប ១៣,៧៩០នាក់ (ស្រី១២,៩១០នាក់) ដើម្បីផ្សព្សព្វផ្សាយ បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន។

ក្នុងឱកាសនោះលោក អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារសុខសន្តិភាព បានធ្វើឱ្យវិនិយោគជាច្រើន មករកស៊ីក្នុងប្រទេសកម្ពុជា និងខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ មានការងារធ្វើគ្រប់ៗគ្នា។

លោករំលឹកថា «បើយើងរំលឹកពីអតីតកាលរបស់កម្ពុជាដ៏សែនជូរចត់ ក្នុងរបប ប៉ុល ពត ខណៈពេលនោះប្រជាពលរដ្ឋពិតជាមានការងារធ្វើគ្រប់ៗគ្នា ក៏ប៉ុន្តែគឺស្ថិតក្រោមការគៀបសង្កត់ បង្អត់អាហារ ការហូបចុកមិនគ្រប់គ្រាន់ គ្មានចំណូលពីការងារ គឺពិតជាលំបាកខ្លាំងបំផុត ដែលមានការងារដ៏លំបាកធ្វើ តែគ្មានប្រាក់ចំណូល ថែមទាំងវាយសម្លា់មនុស្សចោលគ្មានត្រាប្រណី។ តែបើយើងងាកមកមើលការងាររបស់បងប្អូនៗ កូន ក្មួយ នាពេលបច្ចុប្បន្ននេះ ការងារមានសំបូរបែប មានការធានាដល់ហានិភ័យការងារ មានសេវាសុខាភិបាលសាធារណៈគ្រប់គ្រាន់ មានការធានាការព្យាបាលដោយមិនអស់ប្រាក់ ហើយពេលនេះបងប្អូនៗ កូន ក្មួយ មានសេវាផ្នែកប្រាក់សោធន ទៀតដែលបានធ្វើឱ្យបងប្អូន កូនក្មួយ អាចចូលនិវត្តន៍បាន ដូចមន្រ្តីរាជការផងដែរ»

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងតែរៀបចំកិច្ចប្រជុំ ត្រីភាគីដើម្បីគិតគូរដំឡើងប្រាក់ឈ្នួលជូនបងប្អូន កូនក្មួយ កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៣ នេះជាបន្តទៀតផងដែរ។ ទាំងអស់នេះបានបញ្ជាក់ពី សមត្ថភាពដ៏ឆ្លៀសវៃ និងការគិតគូររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ៩០ថ្ងៃ ដោយចាត់ឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម រាជធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់បងប្អូន កម្មករ និយោជិតទូទាំងប្រទេស នូវអត្ថប្រយោជន៍ផ្សេងៗជូនដល់ បងប្អូន កម្មករ និយោជិត ក្រោយពី រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្ត បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាកសោធន ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

លោកបន្តថា ដោយសាររោងចក្រនេះមានកម្មករច្រើន បេឡាជាតិរបបសន្តិសុខសង្គម បានចាត់ក្រុមការងារសរុបចំនួន ៥៨នាក់ ចែកជា១៣ក្រុម ដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូន កម្មករ និយោជិត ឱ្យបានដឹងគ្រប់ៗគ្នាតែម្តង។ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នេះនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងភ្នាក់ងារបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានធ្វើការផ្សព្វផ្សាយស្តីពីប្រាក់សោធន ជូនដល់ កម្មករ និយោជិត បានចំនួន ១៣១រោងចក្រ សហគ្រាស និងបានផ្សព្វផ្សាយជូន កម្មករ និយោជិត ចំនួន ១២១,៣៦៦នាក់ ក្នុងនោះស្រី ៨៦,៨៤៥នាក់៕