(កោះកុង)៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះលក់គ្រឿងសង្ហារឹម១ខ្នង គ្មានសល់ ព្រមទាំងបំផ្លាញទ្រព្យអស់ជាច្រើន ប៉ុន្តែករណីនេះមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥៖១៥នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សេង ឆេង ភេទប្រុស អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ ប៉ែន វុចលី អាយុ៥៤ឆ្នាំ មានទីលំនៅទីតាំងកើតហេតុ។

ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងថា អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសឡើយ ខូចខាតតែសម្ភារក្នុងផ្ទះ និងគ្រឿងសង្ហារឹមអស់តែប៉ុណ្ណោះ ហើយអគ្គិភ័យក៏មិនមានការ រីករាលដាលបន្តទៅផ្ទះអ្នកជិតខាងដែរ ពីព្រោះកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្ត និងកម្លាំងអធិការក្រុងបានចុះជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់៥រថយន្ត ហើយអគ្គិភ័យត្រូវបានពន្លត់ ដោយជោគជ័យនៅម៉ោង៧ជាង។

ចំពោះសម្ភារដែលខូចខាតមាន៖ តុធ្វើអំពីឈើមានចំនួន៤០តុ, កៅអីធ្វើអំពីឈើមាន៤០តុ, ទូមានចំនួន២០, សាឡុងមានចំនួន៦ឈុត, ពូកមានចំនួន៤០ និងបាត់បងឯកសារក្នុងផ្ទះផងដែរ។

ឧត្តមសេនីយ៍ទោ បានបន្តថា បើតាមការពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ អគ្គីភ័យបណ្តាលមកពី ឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆេះ ហើយផ្ទះដែលឆេះនេះមានទំហ៊ុ ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រកសុីប្រូ ជញ្ជាំងសង្កសី មានលក់គ្រឿងសង្ហារឹម។ លោកស្នងការនគរបាលខេត្ត សូមអំពាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានការប្រុងប្រយ័ត្នចំពោះប្រព័ន្ធអគ្គីសនី ភ្លើងទៀ ភ្លើងធូប ភ្លើងចង្រ្កានហ្គាស ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ការពារប្រសើរជាងការបាត់បង់៕