(ភ្នំពេញ)៖ កាលពីយប់មិញបន្ទាប់ពីគណៈកម្មការប្រកាសអំពីជ័យជំនះរបស់ លីម តិចម៉េង ជាម្ចាស់ពានកម្មវិធី Cambodian Idol សារអបអរសាទរជាច្រើនត្រូវបានបង្ហោះ ព្រោងព្រាតពេញបណ្តាញសង្គម ជាពិសេសបំផុតនោះគឺសារជូន «អបអរសាទរ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ផ្លូវការរបស់សម្តេច។
ក្នុងនោះគ្រាន់តែសាររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «សូមអបអរសារចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ» ដោយត្រឹមតែ ១នាទី (1m) ដំបូងប៉ុណ្ណោះមានចំនួនអ្នក Like 6.6K ហើយគិតត្រឹមម៉ោង១២៖៥៥នាទីថ្ងៃត្រង់នេះ (រយៈពេល១២ម៉ោង) មានអ្នក Like កើនដល់ 307K និង Share 30K ដែលសន្ទុះនេះកើនឡើងស្ទើរចង់គាំង Facebook។
ការទទួលគាំទ្រយ៉ាងខ្លាំងសម្បើមពីមហាជនរហូតស្ទើរចង់ផ្ទុះបែក Server Facebook នេះវាក៏ជាការបង្ហាញថា បេក្ខជន លីម តិចម៉េង ពិតជាសាកសមក្លាយជាម្ចាស់ពានកម្មវិធី Cambodian Idol ដែលជាកម្មវិធីដ៏ល្បីលំដាប់ពិភពលោក។
សូមជំរាបថា នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។
បេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ គឺមានចំនួន៤នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៉ឹម ច័ន្ទពន្លឺ។ យ៉ាងណាមិញ ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង៤រូបមាន លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ព្រមទាំងការបោះឆ្នោតពីមហាជន នៅទីបញ្ចប់បេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ បេក្ខជន លីម តិចម៉េង៕