(ភ្នំពេញ)៖ ប្រតិភូសមាជិកសភាអាមេរិក បានថ្លែងកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនាំឱ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ការសរសើរនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងប្រតិភូសមាជិកអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយ លោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា លោកស្រី អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោកស្រី អេលីហ្សាបេត ក៏បានជម្រាបសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងប្រតិភូនាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោកស្រី អេលីហ្សាបេត ថា កម្ពុជា និងអាមេរិក ត្រូវនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសកំពុងមាននាពេលបច្ចុប្បន្ន។ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង៕