(បាត់ដំបង)៖ ក្រុមការងារគណៈពង្រឹងឃុំតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំអំណោយជាសម្ភារសិក្សា នំចំណី និងថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅចែកជូនសិស្សសាលាបឋមសិក្សាវាទ្រា ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល នាឱកាសខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ ក្រោមប្រធានបទ «ការពារ កុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សួស អង្គារ៍ សមាជិកគណៈកម្មាធិការថ្នាក់ជាតិ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គង់ លី អភិបាលស្រុក លោក អួន ប៊ុនជៀន ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក លោក គុច សាមុត មេឃុំស្តីទី លោក ផង់ សុភាព អធិការនគរបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សសាលា៣៥០នាក់ ចូលរួមផងដែរ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងថា លោកបាននាំអំណោយទាំងនេះ មកចែកជូនសិស្ស៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិកា៤ពាន់រៀល និងអ្នកគ្រូវ៧នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១០ម៉ឺនរៀល និងនំធុងចំនួន១០ធុង ទឹកក្រូចដបធំចំណុះ៣លីត្រចំនួន៤០ដប បន្ថែមទៀត និងឧប្ថមកម្មវិធីនេះផងដែរ។ នាយឧត្តមសេនីយ៍បានធ្វើការ ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតា បិតាទាំងអស់មេត្តាទិញមួកសុវត្តិភាពឲ្យកូនៗ ពាក់ពេលជិះកង់ ឬតាមម៉ូតូពេលរៀនទោះជិតឬឆ្ងាយ ក៏ត្រូវពាក់ដែរ ដើម្បីការពារសុវត្ថិអាយុជីវិត ក្រែងជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុណាមួយនោះ និងថែទាំកូនៗឲ្យសុខភាព ល្អព្រោះពេលនេះជារដូវភ្លៀងផង ហើយបើកូនណាធំត្រូវតាមដាន និងណែនាំកុំឲ្យទៅជិតគ្រឿងញៀនឲ្យសោះ ហើយនាំគ្នាចូលរួម សហការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អទើបភូមិយើងបានសុខសាន្ត។
លោកបានបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ជានិច្ចរហូតមក។ ពិសេសលើ កុមារតូចៗ និងពេញវ័យដែលកំពុងសិក្សារៀនសូត្រនៅសាលា ហើយពួកគេគឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិទៅថ្ងៃក្រោយផង៕