(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារចំនួន ៣៣២៤នាក់ នៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក៖ លក្ខខណ្ឌនៃការជ្រើសរើស
* បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

* ត្រូវបានលើកលែងលក្ខខណ្ឌអាយុ ចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សា
ដែលប្រឡងចូលក្របខណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់
អាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាល ចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
- បេក្ខជនដែលមានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។

* បេក្ខជនជាមន្ត្រីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ ត្រូវមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។

* បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថា គ្មានទោស (យកក្រោយពេលប្រឡងជាប់)។

ខ៖ វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល២ម៉ោង។

គ៖ ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង៖

* ចំពោះពាក្យស្នើសុំប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ (website៖ www.moh.gov.kh) ឬ
Google Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬ មកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក (ជាន់ផ្ទាល់ដី) នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន វិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* បេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី៕