Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ពីសារៈសំខាន់ របស់បង្គន់អនាម័យសាធារណៈ

01-06-2016 12:14

(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្តល់ អនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានសុខភាពល្អ។

លោក ប៉ាក់ សុខុម បានផ្តល់អនុសាសន៍ ដោយជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសារៈសំខាន់របស់បង្គន់ អនាម័យសាធារណៈ តាមកិច្ចប្រជុំពិភាក្សាសន្និបាតពិព័ណ៌ ការអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀត។

លោកក៏បាន ជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីអន្តរស្ថាប័ន និងផ្នែកពាក់ព័ន្ធក្នុងការសហការ ដើម្បីចែករំលែកនូវការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ។

ក្រៅពីនោះ លោក ប៉ាក់ សុខុម បានស្នើដល់គ្រប់ខេត្ត ក្រុងទាំងអស់ស្វែងរកកន្លែង សមរម្យសម្រាប់បែងចែកសំរាមដើម្បីប្រើប្រាស់ ឡើងវិញ, អនុញ្ញាតឲ្យមនុស្សរាល់គ្នា មានលក្ខណៈងាយប្រើប្រាស់បង្គន់អនាម័យសាធារណៈដោយឥតគិតថ្លៃ ហើយស្នើឲ្យធ្វើការភ្ជាប់ បង្គន់អនាម័យទាំងអស់ ជាមួយនឹងប្រព័ន្ធបង្ហូរកាកសំណល់ ទៅកាន់ប្រព័ន្ធចម្រោះ ហើយសន្សំសំចៃ និងប្រើប្រាស់ទឹកឡើងវិញ។

ប្រធានសមាគមបង្គន់ពិភពលោក បានលើកឡើងដែរថាបង្គន់អនាម័យ គឺជាជីវិត ព្រោះគុណភាពនៃបង្គន់អនាម័យគឺជាគុណភាព នៃជីវិត វាជាភាពងាយស្រួលដែលអ្នកគ្រប់គ្នាអាចធ្វើបាន ដើម្បីបន្តផ្សព្វផ្សាយ និងជំរុញនូវចលនាវប្បធម៌បង្គន់។

លោកបន្តថា «ការងារនៅកន្លែងបង្គន់អនាម័យ មិនមែនជាការងារដែលអាម៉ាស់នោះទេ។ សូមប្រាប់ទៅមនុស្ស គ្រប់រូបឲ្យសម្អាតបង្គន់ និងជៀសវាងនូវក្លិនមិនល្អក្នុងបង្គន់ ព្រោះនៅពេលបង្គន់មានក្លិនមិនល្អ គ្មានអ្នកណាចង់​ ប្រើប្រាស់បង្គន់នោះទេ»

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងសន្និបាតអន្តរជាតិលើកទី៣ ដែលរៀបចំដោយសមាគមបង្គន់ពិភពលោក (The Third General Assembly of the World Toilet Association) រួមសហការជាមួយ ក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០ ដល់៣១ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ។

សូមបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីរបស់សមាគមបង្គន់ពិភពលោក តាមរយៈអាជ្ញាធរនៃទីក្រុង Suwon ដែលនឹង មានគម្រោងជំនួយអភិវឌ្ឍន៍បង្គន់សាធារណៈចំនួន៥ ថែមទៀត ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៧ ក្នុងគោលបំណងរួមចំណែកបម្រើ ផលប្រយោជន៍ សាធារណៈ ក៏ដូចជាសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ បរិស្ថានអនាម័យ ការកែលម្អអនាម័យនិងសេចក្តី ថ្លៃថ្នូរផងដែរ។

ជាការកត់សំគាល់សន្និបាតនេះ  បានចេញនូវសេចក្ដីប្រកាសអង្គរ (Angkor Declaration) ដែលផ្ដោតលើការ លើកកម្ពស់ សុខុមា លភាព សង្គម អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ពិសេសការអភិវឌ្ឍន៍កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយ គុណភាព លំដាប់ថ្នាក់ពិភពលោក និងមកទស្សនាច្រើនដង ដោយសារសោភ័ណភាពស្អាត បៃតង និងនិរន្តរភាពទាំងបរិស្ថាន និងការទទួលខុសត្រូវ៕