(តាកែវ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធថ្មីខេត្តតាកែវ។
ពិធីនេះមានការចូលរួមពីសំណាក់លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងរការរង នាយការិយាល័យមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធហត្ថជុំវិញខេត្តផងដែរ។
បើយោងតាមការប្រកាសតែងតាំងរបស់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធខេត្តតាកែវត្រូវបានប្លាស់ប្ដូរឱ្យទៅបម្រើការជាសមាជិកក្រុមសិក្សាយុទ្ធសាស្រ្តយោធាថ្នាក់អគ្គបញ្ជាការ និងត្រូវបានតែងតាំងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។
គួរបញ្ជាក់ថាលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ អស់រយៈពេល២៥ឆ្នាំកន្លងមកហើយ ពោលលោកបានកាន់តំណែងនេះតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ៕