(សៀមរាប)៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការរៀបចំដីឡូតិ៍នៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ ហើយស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ខ្លួនចេញពីតំបន់រមណីយដ្ឋាអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់នេះ បានកើនដល់៩៥ហិកតា ខណៈការស្ថាបនាផ្លូវជូនពលរដ្ឋតំបន់នេះបានជាង១៦ភាគរយ។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៩៥ ហិកតា។ ដោយឡែកការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងតំបន់ទី១ និងតំបន់ទី២ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២ ៨៥០ម៉ែត្រ ស្មេី ១៦,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦ ៨៨៧ ម៉ែត្រ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានជំរុញឱ្យ ពលរដ្ឋដែលសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។

យុទ្ធនាការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក៕