(ក្រចេះ)៖ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍បងប្អូន ដែលមកពីគណបក្សផ្សេងៗ ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះមានការចូលរួមពីបងប្អូន ប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុងបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក៏មានការអមដំណើរដោយបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី រួមជាមួយលោក មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី, លោក ភឺន ផល្លា ទីប្រឹក្សាសម្តេចតេជោ, លោក យូ សេរីវុឌ្ឍ ទីប្រឹក្សាសម្តេចតេជោ, លោកឧកញ៉ា លឹម ប៊ុណ្ណា ទីប្រឹក្សាសម្តេចតេជោ, លោកឧកញ៉ា លី សេងឃាង, ក្រុមការងារបក្ស និងក្រុមការងារស្ម័គ្រចិត្តបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកអភិបាលស្រុក អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយសេចក្តីសោមនស្សក្រៃលែង។

ក្នុងឱកាសសំណេះសំណាលនោះ អ្នកឧកញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

អ្នកឧកញ៉ា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះសម្តេចតេជោ គឺពិតជាយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំផងដែរ និងសូមឲ្យបងប្អូនបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាង ដូចសព្វថ្ងៃនេះ។

បណ្ឌិត ដួង តារា ក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួន អំពីសកម្មភាពការងាររបស់លោកនាពេលកន្លងមក ក្នុងការបម្រើសម្ដេចតេជោ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំចំណាយពេលវេលា និងថវិកាលើការឃោសនាអគតិផ្សេងៗ។
ជាមួយគ្នានេះ លោកពិតជាមានការសោកស្ដាយ ចំពោះបងប្អូនខ្មែរមួយចំនួន ដែលមានឱកាសទៅរស់នៅឯបរទេសបែរ ជាព្យាយាម ញុះញ៉ង់បំផ្លាញប្រទេស កំណើតរបស់ខ្លួនទៅវិញ។ យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕