(អេហ្ស៊ីប)៖ ក្រុមជំនាញនៃក្រុម Airbus ដែលបានផលិតយន្តហោះ Egypt Air នោះបានអះអាងថា ប្រអប់ខ្មៅរបស់យន្តហោះនេះ ទំនងជាបានរបូតចេញពីតួយន្តហោះ មុនពេលដែលគ្រោះអាក្រក់កើត ឡើង ដែលបាននាំឲ្យមនុស្ស ៦៦បាត់បង់ជីវិត កាលពីថ្ងៃទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។
ការថ្លែងដោយអ្នកជំនាញជាន់ខ្ពស់របស់ Airbus ខាងលើនេះ បានធ្វើឡើងស្របពេលដែលក្រុមរុករក កំពុងបំពេញបេសកកម្ម ចាប់សញ្ញាប្រអប់ខ្មៅ នៅតំបន់ទឹកជ្រៅរបស់សមុទ្រ មេឌីទែរ៉ាណេ។ ជិតបី សប្តាហ៍មកនេះ គេពុំទាន់ទទួលបានសញ្ញាអ្វីឡើយ ពីមូលហេតុពិតប្រាកដនៃការធ្លាក់របស់ Airbus A320 ខាងលើនេះ ដោយចម្លើយច្បាស់លាស់ នឹងមានតែនៅក្នុងប្រអប់ខ្មៅនោះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រអប់ខ្មៅរបស់យន្តហោះ ត្រូវបានផលិតឡើងដែលអាចរក្សាការផ្តល់សញ្ញាដល់អ្នករុករក ចំនួន ៣០ថ្ងៃក្នុងករណីដែលវាបាត់។ ប្រអប់ខ្មៅ អាចធ្លាក់ទៅក្នុងជម្រៅទឹក ៣,០០០ម៉ែត្រ ដែលក្នុងកម្រិត នេះគេនៅតែអាចចាប់យកសញ្ញាវាបាននៅពេល វាបាត់។ យ៉ាងណាក៏ដោយ ប្រអប់ខ្មៅរបស់យន្តហោះ អេហ្ស៊ីប គឺនៅសល់ពេលច្រើនគួរសម សម្រាប់ឲ្យក្រុម សង្គ្រោះ ធ្វើការស្វែងរកជាបន្តទៀត៕