(តូក្យូ, ប្រទេសជប៉ុន)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន សរុបចំនួន ២៥០នាក់។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន និងលោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្សផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ទុយ រី បានជម្រាបជាសង្ខេបជូនអង្គពិធីអំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោក ទុយ រី ក៏បានផ្តល់កិត្តិយសអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងប្រធានសាខាគណបក្ស និងអនុប្រធានសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុនចំនួន ១២រូប។

បន្ទាប់មក លោក ហេង សួរ បានផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅប្រទេសជប៉ុនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅប្រទេសជប៉ុន។ លោក ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនផងដែរ។

ជាចុងបញ្ចប់ សមាជិក សមាជិកា នៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើរក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត តាមរយៈ លោក ហេង សួរ និងចង់ឃើញវត្តមានរបស់ លោក ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុននាពេលឆាប់ៗនេះ៕