(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា នៅសម័យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធ្វើឲ្យយុវជនមានឱកាសច្រើនណាស់ ហេតុនេះហើយយុវជនត្រូវតែប្រឹងប្រែង ដើម្បីអនាគតដ៏ល្អមួយក្នុងជីវិត។

ថ្លែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក គួច ម៉េងលី បានរំលឹកពីអតីតកាល ពីអតីតកាលរបស់កម្ពុជា ក្នុងសម័យសង្គ្រាម ហើយលោកក៏ជាមនុស្សម្នាក់ ដែលធ្លាប់រស់នៅក្រោមឥទ្ធិពលនៃសង្គ្រាម។ លោកនិយាយថា សម័យសង្គ្រាមគឺមនុស្សមិនមានពេលរៀនសូត្រគ្រប់គ្រាន់ទេ ពោលគឺមានតែត្រៀមខ្លួនលាក់ខ្លួន នៅក្រោមត្រង់សេ (កន្លែងលាក់ខ្លួន) គេចពីគ្រាប់នៃអាវុធនានា។

ក្នុងឱកាស មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ជូនសិស្សានុសិស្សចំនួន៨២០នាក់ ក្នុងរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បើក្មួយមិនខំគ្មានរណាជួយយើងទេ។ ឥឡូវប្រទេសយើងកំពុងមានសន្តិភាព ជាង៤០ឆ្នាំហើយ។ ក្មួយៗ ត្រូវរក្សាសន្តិភាពនេះឲ្យបានល្អ បើមិនអញ្ចឹងទេ ដូចលោកគ្រូ ដូចឪពុកម្តាយលោកគ្រូ ដែលពុំដែលស្គាល់សេចក្តីសុខ ក្នុងមួយសប្តាហ៍ឡើយ។ រត់គ្រប់ពេលវេលា។ ចូលត្រង់សេ។ ចៀសវាងគ្រាប់បែក ចៀសវាងគ្រាប់មីន ចៀសវាងគ្រាប់កាំភ្លើង»

សូមជម្រាបថា សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ជាស្នាដៃរបស់លោក គួច ម៉េងលី ដែលរៀបរាប់ពីកម្រងជីវិតពិតរបស់ក្រុមគ្រួសារលោក ដែលបានរត់ភៀសខ្លួនពីខេត្តបាត់ដំបង ទៅកាន់ជំរំនៃជាយដែនកម្ពុជា-ថៃ បំណងភៀសខ្លួន ទៅប្រទេសទី៣ ក្នុងបុព្វហេតុស្វែងរកសន្តិភាពដើម្បីជីវិត។ លោកបានរំឭកថា ការរត់គេចចេញពីទុក្ខបុកម្នេញ របស់ពួកខ្មែរក្រហម ជាពិសេសគេចចេញ ពីការវាយប្រយុទ្ធគ្នា របស់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម ជំរុញឲ្យក្រុមគ្រួសារលោក បានទៅដល់ជាយដែនកម្ពុជា-ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះ ណងចាន់ ស្ថតិនៅក្នុងភូមិណងចាន់ ឃុំណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។

លោក គួច ម៉េងលី បានបន្តថា ជាអកុសល ស្នាក់នៅជំរំនោះមួយសប្តាហ៍ក៏ត្រូវទាហានថៃ ដឹកជញ្ជូនទៅទម្លាក់ជ្រោះភ្នំដងរែក ផ្ទុយពីសេចក្តីរំពឹងថាបានទៅប្រទេសទី៣ នៃទីស្ថានសេរីភាព និងសន្តិភាព។ លោកបានថ្លែងទៀតថា ការវង្វេងក្នុងព្រៃឬស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និងការឆ្លងកាត់របបអាវខ្មៅដោយអន្លើ នៃយុវភាពរបស់លោក និងក្រុមគ្រួសារផងនោះ ជាឥទ្ធិពលនៃសម័យសង្គ្រាម។

ក្នុងសម័យប្រទេសសុខសាន្តនេះ លោក គួច ម៉េងលី ក៏បានដាស់តឿនដល់យុវជន ត្រូវខិតខំអភិវឌ្ឍនខ្លួន ដើម្បីទទួលបានឱកាសក្លាយជាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម អ្នកនយោបាយ សាស្ត្រាចារ្យ អ្នកសេដ្ឋកិច្ច អ្នកស្រាវជ្រាវ និងមុខតំណែងជាច្រើនទៀត សម្រាប់រួមចំណែកកសាងសង្គមជាតិ។ លោកមិនចង់ឃើញ ជនជាតិដទៃក្លាយជាអ្នកដឹកនាំនៅតាមបណ្តាក្រុមហ៊ុន ឬស្ថាប័នឯកជនមួយចំនួន នៅក្នុងប្រទេសកម្ពុជានោះឡើយ។

លោក គួច ម៉េងលី ទទួលស្គាល់ថា ការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបញ្ញាវន្តពិតប្រាកដមួយ គឺពិតជាមានការលំបាក ព្រោះត្រូវការការតាមដានត្រួតពិនិត្យគ្រប់ពេលវេលា ហើយអ្នកដឹកនាំប្រាកដណាស់ ត្រូវមានគំនិតឈ្លាសវៃ។ ជាមួយគ្នានេះលោក ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្ស ឱ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សមានដែលមានសក្កានុពលសម្រាប់ប្រទេសជាតិ។

លោក គួច ម៉េងលី បានបន្តថា «ការសិក្សារៀនសូត្រមិនមែនទទួលបានសញ្ញាបត្រនេះបញ្ចប់ទេ គឺការសិក្សាត្រូវធ្វើឡើងពេញមូយជីវិតគឺគ្មានទីបញ្ចប់ ហើយដើម្បីជាធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដ គឺត្រូវមានចំណេះដឹង បទពិសោធន៍ និងសីលធម៌»