(ពោធិ៍សាត់)៖ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសាលាបឋមសិក្សាពោធិ៍សាត់ បានចូលរួមពិធីរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដោយមានការចូលរួមពី លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ឆេង រិទ្ធ នាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាពោធិ៍សាត់ ព្រមទាំងសិស្សានុសិស្ស មាតាបិតាអាណាព្យាបាល បានចូលរួមយ៉ាងច្រើនកុះករ។
លោក ឆេង រិទ្ធ បានរាយការណ៍អំពី ស្ថានភាពទូទៅរបស់សាលា និងបានឲ្យដឹងថា ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំនេះគឺប្រារព្វធ្វើឡើង ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើកុមារ និងការប្រើប្រាស់គ្រឿងញៀន» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីហឹង្សា និងប្រើប្រាស់គ្រឿងញៀន» ដើម្បីរំលឹកសិទ្ឋិជាមូលដ្ឋានរបស់ កុមារនិងការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារជាពិសេស ការបង្ការទប់ស្កាត់ ការការពារកុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការលុបបំបាត់ពលកម្មកុមារ ។
លោក ចាប នាង បានថ្លែងថា នៅក្នុងខ្លឹមសារនៃសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានលើក ឡើងថា សង្គមជាតិរបស់យើង នឹងបន្តលើកកំពស់នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារការកេង ប្រវ័ញ្ចលើពលកម្មកុមារ និងការរំលោភបំពាន ការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ដែលជាការលើកកំពស់ សុខុមាលភាព របស់សង្គមជាតិកម្ពុជា យើងទាំងមូលផងដែរ ។
លោកបន្តថា ទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ នឹងពង្រឹង បន្ថែមទៀតនូវឆន្ទៈប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជាយើង ។
នៅក្នុងឱកាសនោះដែរ លោក ចាប នាង បាននាំយកអំណោយ របស់លោក ម៉ៅ ធនិន អភិបាលខេត្ត រួមមានសិស្សក្រីក្រចំនួន ១០០នាក់ ទទួលបានសម្ភារៈសិក្សាម្នាក់មួយកញ្ចប់ និង ឧបត្ថម្ភដល់សិស្សានុសិស្សដែលចូលរួម ជាសៀវភៅ ប៊ិច និងនំផងដែរ៕