(ភ្នំពេញ)៖ ជនជាតិថៃចំនួន៨នាក់ ត្រូវបានអន្តរាគមន៍ជួយសង្គ្រោះតាមការស្នើសុំរបស់អនុព័ន្ធប៉ូលិសអមស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នេះបើតាមឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់បណ្តាញ់ព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០៧នាក់។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា តាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ បញ្ជូនជនជាតិថៃទាំង៨នាក់ ទៅប្រគល់ជូននគរបាលអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីប្រគល់ជូនភាគីថៃ។ ប៉ុន្តែដោយសារក្នុងចំណោមជនជាតិថៃចំនួន៨នាក់ មាន៤នាក់ បានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ភាគីថៃបានស្នើសុំឱ្យកងរាជអាវុធហត្ថ ជួយថែទាំ និងព្យាបាលជនជាតិចំនួន៤នាក់នោះសិន ពេលជាសះស្បើយជំងឺកូវីដ១៩ ទើបភាគីថៃ ទទួលយកទៅប្រទេសថៃវិញ។

ចំណែកឯជនជាតិថៃ៤នាក់ទៀត ដែលមិនមានជំងឺកូវីដ១៩នោះទេ ត្រូវបានភាគីថៃទទួលយកទៅប្រទេសថៃវិញ៕