(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់ថាក្នុងរយះពេលពីរ-បីថ្ងៃមកនេះ ចំពោះទង្វើរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលកំពុងតំាងខ្លួនជាតួអង្គព្រហ្ម និងបានប្រកូកប្រកាសដល់សកម្មជនខ្លួនទាំងក្នុង និងក្រៅប្រទេសឲ្យនាំគ្នាប្រញ៉ាប់ប្រញ៉ាល់រត់មកដីចំការខ្លួនខាងជើងភ្នំគូលេន ខេត្ដសៀមរាប ដើម្បីរួចផុតទុក្ខភ័យដែលនឹងកើតមានរញ្ជួយដី នឹងទឹកជំនន់ នាពេលឆាប់ៗខាងមុខនេះ ហើយធ្វើឲ្យសកម្មជនខ្លួនមានការភ័យស្លន់ស្លោរ បានរត់មកយ៉ាងពពាក់ពពួនគ្នានៅលើដីចំការខ្លួន រហូតមានចំនួនរាប់ពាន់នាក់នេះ គឺពុំមែនជាសេរីភាពខាងជំនឿនោះទេ។ ព្រោះទង្វើទាំងនេះជាការបង្កឲ្យប៉ះពាល់ដល់ផលប្រយោជន៍សកម្មជនខ្លួនក៏ដូចជាប្រជាពលរដ្ឋ។
ដោយហេតុថាចំពោះជំនឿដែលចាត់ក្នុងជំនឿសមហេតុផលគឺ សំដៅដល់ជំនឿក្នុងរឿងដែលមានហេតុពិតៗ មិនមែនជាជំនឿប្រឌិតបំផុសបំផុលបំភិតបំភ័យធ្វើឲ្យមានការភ្ញាក់ផ្អើលនោះឡើយ។
លោក រត្ន័ សណ្ដាប់ បន្ដថាក្នុងន័យនេះអ្វីដែលលោក ខឹម វាសនា បានស្រែកក្ដែងៗតំាងខ្លួនជាតួអង្គព្រហ្មយើងពុំដឹងថា តើលោក ខឹម វាសនា តំណាងឲ្យព្រហ្មមុខប៉ុន្មាន ឬក្នុងសាសនាអ្វី ឬក៏នៅក្នុងរឿងព្រេងណាមួយនោះទេ? តែយើងអាចពោលក្នុងន័យជាទូទៅអំពីព្រហ្មនោះគឺ៖
ទី១៖ ព្រហ្មក្នុងន័យផ្លូវធម៌គឺជាសេចក្ដីចម្រើន; សេចក្ដីរីករាយ; សេចក្ដីល្អប្រសើរ មិនក្រេវក្រោធ និងប្រាស់ចាកនូវអកុសលតណ្ហាទំាងទ្បាយ ព្រះសម្មាសម្ពុទ្ធ ហៅថា «ព្រហ្មចរិយធម៌» ធម៌ដ៏ប្រសើរបំផុត។
ទី២៖ ព្រហ្មក្នុងផ្លូវលោក ជាសេចក្ដីប្រកាន់ ព្រហ្មទណ្ឌ ដំបងព្រហ្ម, អាជ្ញាព្រហ្ម, អាជ្ញាជាន់ខ្ពស់ គឺជាឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ។
បច្ចុប្បន្នក្រមច្បាប់នេះក្នុងកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌកាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិរបស់ប្រទេស។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថានៅក្នុងសង្គមខ្មែរយើងទោះបីជំនឿជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗក៏ដោយ ពលរដ្ឋគួរតែត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទៅលើបុគ្គលណាម្នាក់។ ព្រោះជំនឿនេះ មិនថាសង្គមខ្មែរយើង ឬមហាប្រទេសនោះទេ តែងមានករណីជនទុច្ចរិតឆ្លៀតឱកាសយកជំនឿអរូបិយរបស់ពលរដ្ឋ ដើម្បីធ្វើអាជីវកម្មស្វែងរកផលប្រយោជន៍បំពេញកិលេសផ្ទាល់ខ្លួន ដូចជាករណីបុគ្គលឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រិយ៍ដោយធ្វើជាស្លៀកសពាក់សនៅវត្តទួលព្រះរាជា ហើយបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួនជាដើម។
ទន្ទឹមនឹងនេះនៅប្រទេសជប៉ុន ក៏មានករណីដូច្នោះដែរគឺបុគ្គលជនជាតិជប៉ុនឈ្មោះ Shoko Asahara បានតាំងខ្លួនធ្វើជាអ្នកបង្កើតលទ្ធិមួយថ្មី ដោយការបង្រួបបង្រួមជំនឿក្នុងសាសនាធំៗលើលោក មានដូចជាព្រាហ្មណ៍សាសនា គ្រិស្តសាសនា និងព្រះពុទ្ធសាសនា ហៅថាលទ្ធិថ្ងៃអវសាន្តលោកបែបរួមសាសនា ដោយធ្វើជាស្លៀកស ពាក់ស ទុកពុកមាត់ស្រមាមប៉ាក។ ក្នុងនោះបានធ្វើការអូសទាញបោកប្រាស់អ្នកជឿដែល ងប់ងល់ និងគាត់ឲ្យលះបង់ទ្រព្យសម្បត្តិ លក់ផ្ទះសម្បែងដីធ្លីគ្រប់បែបយ៉ាងដើម្បីទ្រទ្រង់ជំនឿនេះ។ មិនតែប៉ុណ្ណោះគាត់បានបញ្ជ្រាបគំនិតបែបថ្មី គឺតម្រូវឲ្យអ្នកជឿធ្វើទារុណកម្មខ្លួនឯងដើម្បីឲ្យរួចផុតនូវអំពើបាប រហូតអ្នកជឿខ្លះត្រូវបាត់បង់ជីវិតទៀតផង។
អ្វីដែលធ្វើឲ្យអ្នកជឿកាន់តែមានភាពងប់ងល់ថែមទៀតនោះ គឺបុគ្គលរូបនេះបានតាំងខ្លួនជាមនុស្សអស្ចារ្យហើយដោយធ្វើការទស្សទាយពីរឿងផ្សេងៗដូចជា បាតុភូតគ្រោះធម្មជាតិ រញ្ជួយដី ទឹកជំនន់លិចមេឃ លិចដី ពេញទ្វីបលោកដែលនឹងមកដល់ឆាប់ៗខាងមុខ ហៅថា ថ្ងៃវិនាសលោកា។
តមកតាមរយ:ជំនឿនេះ អ្វីដ៏គួរឲ្យអស់សំណើចនោះ គឺគាត់ក៏ងាកមកចូលប្រទ្បូកក្នុងឆាកនយោបាយ ដោយគាត់គិតថាមានប្រជាជនជាច្រើនដែលជឿគាត់ នឹងបោះឆ្នោតគាំទ្រគាត់។ តែអ្វីៗដែលគាត់គិតគឺផ្ទុយស្រទ្បះ ព្រោះប្រជាជនគិតថា បក្សរបស់គាត់ប្រៀបដូចជាបក្សតួកំប្លែងអ៉ឹចឹង ហេតុនេះផែនការចូលនយោបាយរបស់គាត់ក៏បរាជ័យអាសាបង់ទៅ។
បន្ទាប់ពីការបរាជ័យពីឆាកនយោបាយមក គាត់ក៏ងាកត្រឡប់មកជាថ្មីម្តងទៀត ដោយធ្វើជាទស្សទាយ «ថ្ងៃទំនាយលោកាវិនាស» ដោយបញ្ចុះបញ្ចូលមនោគមវិជ្ជាដល់អ្នកជឿឲ្យលក់ទ្រព្យធនសព្វបែបយ៉ាង ដើម្បីយកលុយទៅសាងសង់កន្លែងប្រតិបត្តិធម៌។ ប៉ុន្តែនៅក្រោយឆាក កន្លែងនោះគឺជាកន្លែងប្រកបរបររកស៊ីរបស់គាត់ដោយប្រើប្រាស់កម្លាំងពលកម្មហ្វ្រីៗ ពីអ្នកជឿ និងជាកន្លែងឃុំឃាំងធ្វើទារុណកម្ម អ្នកដែលចង់ចេញពីជំនឿនេះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺទីតាំងប្រតិបត្តិធម៌នេះ មានបន្ទប់ពិសោធន៍បង្កើតវីរុសជំងឺឆ្លង និងការបង្កើតសារធាតុគីមីពុលផ្សេងៗទៀត។ ព្រោះដើម្បីបង្កធ្វើឲ្យមានការភ្ញាក់ផ្អើល ថ្ងៃទំនាយលោកាវិនាសដែលគាត់បានទំនាយពីមុនមកនោះជិតមកដល់ ។ អ៉ីចឹងគឺគាត់បានបញ្ជាឲ្យមនុស្សជំនិតរបស់គាត់យកសារធាតុពុល ទៅដាក់តាមកន្លែងនានាទូទាំងជប៉ុន រហូតបង្កឲ្យមានករណីពុលមនុស្សស្លាប់ដោយសារធាតុគីមី នៅក្នុងរថយន្ដក្រុង រថភ្លើងជាដើម។
ក្រោយពីផ្ទុះការសារធាតុពុលទាំងនេះ នៅឆ្នាំ១៩៩៥ អាជ្ញាធរជប៉ុនបានចាប់ខ្លួនលោក Shoko Asahara នៅកន្លែងប្រតិបត្តិធម៌ផ្ទាល់ និងរកឃើញភស្តុតាងជាច្រើន ដូចជាសារធាតុគីមីពុលនិងអាវុធនានា។ បន្ទាប់ពីការចាប់ខ្លួនលោក Shoko Asahara បានធ្វើពុតជាឆ្កួត ក្នុងបំណងគេចផុតពីការចោទប្រកាន់ តែខាងតុលាការមិនជឿ និងបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០១៨កន្លងមកនេះ។
មួយវិញទៀតចំពោះករណីជំនឿនេះដែរ អ្វីដែលពិភពលោកនៅចាំមិនភ្លេចដែរនោះនៅសហរដ្ឋអាមេរិក គឺលោក Jim Jones បានតាំងខ្លួនមេសាសនាលិទ្ធិថ្មីមួយនៅអាមេរិក មានឈ្មោះថាព្រះវិហារប្រជាជន Peoples Temple ដែលផ្តោតលើភាពស្មើភាពគ្នារបស់មនុស្ស ពិសេសគឺលុបបំបាត់ការរើសអើងជនជាតិស្បែកខ្មៅ។ ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជានេះ គាត់ក៏បានជួលម៉ោងផ្សាយនៅលើស្ថានីយ៍វិទ្យុក្នុងស្រុក ដើម្បីធ្វើការផ្សាយអំពីមនោគមវិជ្ជារបស់ខ្លួន។ តមកនៅឆ្នាំ១៩៧៦ លោក Jim បានធ្វើការបញ្ចុះបញ្ចូលអ្នកជឿគាត់ឲ្យទៅរស់នៅទឹកដីថ្មី ដោយបញ្ចុះបញ្ចូលឲ្យអ្នកជឿលក់ផ្ទះសម្បែងដីធ្លី ទ្រព្យធនដើម្បីយកលុយទៅទិញកោះមួយនៃGuyana ដើម្បីសង់ទីក្រុងមួយមានឈ្មោះថាJonestown ជាទីក្រុងក្នុងក្តីស្រមៃនៃប្រជាជន គឺមានតែក្តីសុខ និងស្តាប់ធម៌ ដោយពុំចាំបាច់បរិយាយពីព្រះតទៅទៀត។
ក្រោមមនោគវិជ្ជានៃជំនឿលោកJim Jones ក៏បានតាំងខ្លួនធ្វើដូចជាស្តេចអទិទេព ដោយបង្ខំឲ្យអ្នកជឿ ពិសេសពួកស្បែកខ្មៅធ្វើការក្នុងចំការជាទម្ងន់ដោយពុំមិនមាននរណាម្នាក់អាចរត់ចេញបានទ្បើយ ព្រោះអ្នកការពារប្រដាប់ដោយអាវុធនិងមានការកាពារយ៉ាងតឹងរឹងបំផុត។ ទន្ទឹមនឹងនេះជានិច្ចកាលអ្នកជឿ តែងត្រូវបានបង្ខំឲ្យធ្វើទារុណកម្មសព្វបែបយ៉ាង ក្រោមហេតុផលផ្សេង រហូតឈានដល់ធ្វើអត្តឃាដ ក្រោមលេសនៃជំនឿបាំងមុខ។
ក្រោយមកចំពោះទង្វើរបស់លោក Jim Jones ត្រូវបានភ្នាក់ងារសហរដ្ឋអាមេរិកបើកស៊ើបអង្កេតតែត្រូវគាត់បានដឹងមុន ក៏បានបញ្ជាកូនចៅអ្នកជឿទាំងអស់ធ្វើអត្តឃាដទៅតាមគាត់ហៅថាថ្ងៃឋានសួគ៌ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៨ មានចំនួន ៩១៨នាក់ ក្នុង នោះមានកុមារចំនួន២៧៦នាក់ តាមមធ្យោបាយដូចជាផឹកថ្នាំបំពុល ចូលក្នុងបន្ទប់បំភាយផ្សែងពុល ចំណែកមេជំនឿរូបនេះ បានធ្វើអត្តឃាតដោយបាញ់ក្បាលខ្លួនឯង ព្រោះគាត់ដឹងច្បាស់ថាមុន និងក្រោយរដ្ឋាភិបាលអាមេរិកនឹងខ្លួនគាត់ទៅកាត់ទោសជាពុំខាន។
ដូច្នេះចំពោះទង្វើរបស់លោក ខឹម វាសនា ដែលកំពុងតាំងខ្លួនជាព្រហ្ម គួរសកម្មជនខ្លួនពិចារណាតាមការគួរ៕