(កំពង់ឆ្នាំង)៖ ជីវិតរស់នៅយ៉ាងលំបាកលំបិនរបស់យាយតា២នាក់ប្ដីប្រពន្ធ ដែលពួកគាត់ទាំង២នាក់សុទ្ធសឹងជាអតីតមេភូមិទាំងប្ដីទាំងប្រពន្ធ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកដៃសំពះអំពាវនាវរកជំនួយពីអាជ្ញាធរ និងសប្បុរសជន ខណៈខ្លួនកាន់តែចាស់ជរា ហើយធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានទីពឹង។
បច្ចុប្បន្នអតីតមេភូមិទាំងពីរនាក់ប្ដីប្រពន្ធ មានជំងឺស្លាប់មួយជំហៀងខ្លួនទាំងអស់គ្នា ដែលធ្វើឲ្យពួកគាត់រស់នៅយ៉ាងលំបាកជាទីបំផុតដោយសារតែមិនមានកូនចៅនឹងគេ។ មិនតែប៉ុណ្ណោះពួកគាត់ក៏ទទួលភារៈចិញ្ចឹមចៅស្រីតូចម្នាក់ដែលឪពុកម្ដាយរបស់គេត្រូវជាកូនចិញ្ចឹមរបស់គាត់ ទុកឲ្យតាយាយចិញ្ចឹមតាំងពីតូចៗ ហើយឪពុកម្ដាយគេចេញចោល មិនដែលមកលេង ឬផ្ញើប្រាក់កាសជួយចិញ្ចឹមកូនឬក៏សួរសុខទុក្ខកូនឡើយ។
យៈលោក សុខ វាសនា ដែលជាមេភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាយាយ២នាក់ខាងលើនេះ សុទ្ធសឹងជាអតីតមេភូមិថ្មីនេះ ទាំងប្ដីទាំងប្រពន្ធ ដោយដំបូងឡើយលោកយាយជាប្រពន្ធធ្វើជាមេភូមិបាន៣ឆ្នាំ គាត់ក៏មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនដោយលោកតាជាប្ដីជាអ្នកមើលថែ។ បន្ទាប់មកដោយថ្នាក់ដឹកនាំឃើញសកម្មភាពការងាររបស់លោកតាជាប្តីឈ្មោះ ជេត ផល្លី ដែលបច្ចុប្បន្នគាត់មានអាយុ៦១ឆ្នាំហើយ ធ្លាប់មានប្រវត្តិជាអតីតយោធាស្រុកផងនោះ ថ្នាក់ដឹកនាំក៏បានចាត់ឲ្យលោកតាធ្វើជាមេភូមិជំនួសប្រពន្ធដែលឈឺដើរមិនរួច។ លោកថា ចាប់តាំងពីគាត់បានធ្វើជាមេភូមិថ្មីមកដល់ពេលនេះ មានរយៈពេលជាង ៨ឆ្នាំមកហើយ។ ក្រោយមកលោកតាក៏មានជំងឺ លើសឈាមដែរ និងបានស្លាប់មួយចំហៀងខ្លួនជាងមួយឆ្នាំមកហើយ ដែលស្ថានភាពជំងឺលោកតាបច្ចុប្បន្ន ដើរពុំរួចនិយាយមិនចេញហើយលោកតាក៏មានជំងឺទឹកនោមផ្អែមផងដែរ។ ចំណែកស្ត្រីជាប្រពន្ធមាន ឈ្មោះ ស សារីម អាយុ ៦៣ឆ្នាំ ធ្លាប់ធ្វើជាប្រធានភូមិថ្មី រយៈពេល៣ឆ្នាំមានជំងឺលើសឈាមពិការមួយចំហៀងខ្លួនរយៈពេលជាង៥ឆ្នាំមកហើយ ស្ថានភាពជំងឺអាចដើររួចបានតិចៗប៉ុន្តែមិនអាចធ្វើការងាររកស៉ីចិញ្ចឹមជីវិតបានឡើយ។
ស្ត្រីឈ្មោះ ស សារីម ជាជំហរគ្រួសារបានលើក ដៃសំពះនិយាយទាំងទឹកភ្នែកឱ្យដឹងថា ពួកគាត់គ្មានកូនចៅបង្កើតទេ សព្វថ្ងៃគាត់ចិញ្ចឹមចៅស្រីកំព្រាម្នាក់អាយុជាងមួយឆ្នាំ ដែលឪពុកម្ដាយគេជាកូនចិញ្ចឹមរបស់គាត់ ដោយគេទុកកូនគេចោលឱ្យនៅជាមួយពួកគាត់តាំងពីអាយុ៦ខែ ហើយពួកគេបាននាំប្តីប្រពន្ធទៅធ្វើការជាកម្មករនៅភ្នំពេញ រយៈពេលជិត២ឆ្នាំកន្លងមកនេះ គេធ្លាប់ផ្ញើរលុយមកអោយគាត់ចិញ្ចឹមកូនបានតែម្ដងគត់ចំនួន១០ម៉ឺនរៀល។ ដោយឡែកផ្ទះតូចរបស់គាត់សព្វថ្ងៃនេះសង់នៅលើដីរបស់គេទេ ចំណែកដីធ្លីដែលគាត់មានកន្លងមកបានលក់យកប្រាក់មកមើលជំងឺអស់ទៅហើយ។
ចំពោះជីវភាពរស់នៅកន្លងមកក្នុងពេលពួកគាត់មានជំងឺពិការទាំងពីរនាក់ប្ដីនិងប្រពន្ធនេះ ត្រូវបានអាជ្ញាធរភូមិ ឃុំ និងស្រុកជួយផ្ដល់ស្បៀងជា បន្តបន្ទាប់ដែរ។ ចំពោះម្ហូបអាហារវិញគឺបានអ្នកស្រុកក្នុងភូមិហុចឱ្យស្ទើររៀងរាល់ថ្ងៃ តែបើគ្មានម្ហូបទេនោះគឺមានតែហូបអំបិលប្រហុកនិងទឹកត្រី ទឹកស៊ីអីវ តែប៉ុណ្ណោះ។
ក្នុងពេលនេះពួកគាត់គោរពសំណូមពរដល់សប្បុរសជននៅទីជិតឆ្ងាយមេត្តាអាណិតអាសូរដល់ពួកគាត់ ដែលជាជនពិការទាំងពីរនាក់ប្ដីប្រពន្ធ ដែលធ្លាប់បានបម្រើជាតិនិងប្រជាពលរដ្ឋ។ ពួកគាត់ពុំចង់បានអ្វីក្រៅតែពីការហូបចុកគ្រប់គ្រាន់និងសុំរទេះរុញមួយព្រមទាំងថ្នាំទឹកនោមផ្អែម និងថ្នាំឡើងឈាមលេបជាប្រចាំប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ក្រុមការងាររបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់លោកយាយលោកតាផងដែរ៕