(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុក ចំនួន៥ទីតាំង របស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម (ទល់មុខអគារព្រីនផ្លាហ្សា និងអគ្គស្នងការនគរបាលជាតិ) ចំនួន០២ទីតាំង និងផ្លូវរដ្ឋសភាថ្មី (មុខពុទ្ធសាសនបណ្ឌិត្យ) ចំនួន០៣ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ជាយថាហេតុរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ខណៈដឹកនាំមន្ត្រីជំនាញចុះពិនិត្យការជួសជុលផ្លូវសំបុកមាន់កនេះ លោក កៀង ល័ក្ស បានលើកឡើងពីសារសំខាន់នៃការជួសជុលផ្លូវនៅពេលនេះ មិនត្រឹមតែស្អាតផ្លូវថ្នល់ប៉ុណ្ណោះនោះទេ គឺងាយស្រួលដល់ពលរដ្ឋធ្វើដំណើរថែមទៀត ហើយផ្លូវមានសោភ័ណភាពល្អប្រសើរ ស័ក្ដិសមជាខណ្ឌនៅកណ្តាល នៃរាជធានីភ្នំពេញផងដែរ ហើយប្រជាពលរដ្ឋ គាត់សប្បាយចិត្ត ក្នុងការធ្វើដំណើរបើកបរលើផ្លូវ រលោង ដោយគាំទ្រមកលើអាជ្ញាធរខណ្ឌចុះមកធ្វើការងារ លើការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ៕