(កណ្តាល)៖ លោក យី យ៉េន អភិបាលស្រុកមុខកំពូល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំ ក្រុមការងារ រួមទាំងអាជ្ញាធរឃុំរកាកោងទី២ នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ មកពីភូមិ ស្ពានថ្មី ភូមិព្រែកជ្រៅ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពង់ជួបការលំបាកដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង។

លើកឡើងនាឱកាសនោះ លោក យី យ៉េន ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ ពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយក្តីនឹករលឹក និងបានជម្រុញឱ្យប្រជាពលរដ្ឋ ត្រូវចេះសហការគ្នាជួយគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅកុំឱ្យលេងទឹកភ្លៀង ឬហែលទឹក លេង តាមដងព្រែក វាអាចបណ្តាលមានគ្រោះថ្នាក់ដល់អាយុជីវិត។

លោក យី យ៉េន បានបន្ថែមថា អំណោយដែលបានយកចុះចែកជូនប្រជាពលរដ្ឋពេលនេះ ដើម្បីជួយសំរួលដោះស្រាយជីវភាពមួយរយៈពេលខ្លី ក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀង ដែលធ្វើឱ្យលិចលង់លំនៅដ្ឋាន និងផ្លូវពិបាកក្នុងការធ្វើដំណើរ។ លោកបានអំពាវនាវឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធាន ការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ និងជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង៩៨គ្រួសារ ដែលទទួលអំណោយនៅថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបានអង្ករមួយបេ សារ៉ុងមួយ ទឹកត្រីមួយយួ ត្រីខមួយយួ និងថវិកាចំនួន ៥០,០០០រៀល។

សូមជម្រាបដែរថា បន្ទាប់ពីចែកអំណោយរួច លោក យី យ៉េន ក៏បានដឹកនាំក្រុមការងារបន្តចុះទៅត្រួតពិនិត្យមើលកន្លែងកាយដីដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងឱ្យហូរ ចេញពីវិទ្យាល័យសិរីមង្គល និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកជ្រៅផងដែរ៕